ប្រមុខ NATO ជំរុញសម្ព័ន្ធមិត្តបង្កើនការចំណាយលើវិស័យការពារជាតិ
អង់ការ៉ា ៖ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានជំរុញដល់បណ្តាប្រទេសជាសម្ព័ន្ធមិត្ត ឱ្យប្រែក្លាយការបង្កើនចំណាយលើវិស័យការពារជាតិ ទៅជាការពង្រឹងសមត្ថភាពយោធាជាក់ស្តែង ។ នេះបើតាម Anadolu ចេញផ្សាយកាលពីថ្ងៃ ចន្ទ ម្សិលមិញ ។
លោក Rutte បានប្រាប់ក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃ ចន្ទ ថា សម្ព័ន្ធមិត្តត្រូវតែបំប្លែងមធ្យោបាយសេដ្ឋកិច្ចទៅជាការពង្រឹងសមត្ថភាពយោធា ពោលគឺត្រូវប្រើប្រាស់ធនធានហិរញ្ញវត្ថុរៀងៗខ្លួន ដើម្បីចំណាយលើគ្រាប់មីស៊ីល និងប្រព័ន្ធខែលការពារដែនអាកាសនានា ។
ការអត្ថាធិប្បាយរបស់លោក Rutte ត្រូវបានធ្វើឡើងស្របពេលដែលប្រមុខរដ្ឋសមាជិកអង្គការណាតូ នឹងប្រមូលផ្តុំគ្នានៅទីក្រុងអង់ការ៉ា ប្រទេសតួកគី ចាប់ពីថ្ងៃទី ៧ ដល់ទី ៨ ខែកក្កដា សម្រាប់កិច្ចប្រជុំកំពូលឆ្នាំ ២០២៦ ។
ជំនួបកំពូលពីរថ្ងៃនេះ នឹងផ្តោតសំខាន់លើការបង្កើនការចំណាយលើវិស័យការពារជាតិ ដែលបានឯកភាពគ្នាកាលពីកិច្ចប្រជុំកំពូលឆ្នាំ ២០២៥ ការបន្តរក្សាជំហរគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន និងការពង្រីកផលិតកម្មឧស្សាហកម្មការពារជាតិ ។
យោងតាម Euronews, រដ្ឋសមាជិកទាំង ៣២ របស់អង្គការណាតូ បានព្រមព្រៀងគ្នាជាផ្លូវការ ក្នុងការបង្កើនកញ្ចប់ថវិកាចំណាយលើវិស័យការពារជាតិ និងយោធា រហូតដល់ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ប្រទេសនីមួយៗ ។
ការសម្រេចចិត្តដ៏ធំនេះ ត្រូវបានធ្វើឡើងក្រោមការជំរុញយ៉ាងខ្លាំងក្លាពីសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខសកលលោក ។ បើតាមប្រភព, ៣,៥% នៃ GDP នឹងចំណាយលើវិស័យយោធា រួមមានការទិញអាវុធ និងការបង្កើនចំនួនកងទ័ព ។
ចំណែក ១,៥% នៃ GDP នឹងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ រួមទាំងការការពារតាមអ៊ីនធឺណិត ការការពារបំពង់បង្ហូរប្រេង និងការធ្វើឲ្យប្រសើរឡើងនូវស្ពាន និងផ្លូវសម្រាប់ការចល័តយោធាជាដើម ៕
ប្រភព ៖ Anadolu និង Euronews ប្រែសម្រួល ៖ ឈឹម ទីណា



