រុស្ស៊ី ថា ការសាកល្បងមីស៊ីលរបស់ចិន គឺជាសិទ្ធិអធិបតេយ្យភាព
មូស្គូ ៖ រុស្ស៊ីបានថ្លែងការពារការសាកល្បងបាញ់មីស៊ីលយុទ្ធសាស្ត្ររបស់ចិន ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដោយអះអាងថា នេះគឺជាសិទ្ធិអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយតបទៅនឹងសំណួរ ដែលសួរដោយ AFP ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃ កាលពីថ្ងៃអង្គារថា «យើងជឿថា វាជាសិទ្ធិអធិបតេយ្យភាពរបស់ចិន ក្នុងការសាកល្បងមីស៊ីលរបស់ខ្លួន… ចិនមិនគំរាមកំហែងនរណាម្នាក់ នៅក្នុងពិភពលោកទេ»។
ការថ្លែងការពារនេះ ធ្វើឡើង ក្រោយ១ថ្ងៃ ដែលប្រទេសចិនបានប្រកាសពីការជោគជ័យបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រមួយគ្រាប់ចេញពីនាវាមុជទឹក ។
កងទ័ពជើងទឹកចិនចេញមកអះអាងថា វាគឺជាមីស៊ីលយុទ្ធសាស្ត្រផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរគំរូ ពោលមិនមែនជាគ្រាប់ពិតនោះទេ ។
បើតាម ស៊ីនហួរ, អំឡុងពេលបាញ់សាកល្បង មីស៊ីលយុទ្ធសាស្ត្របានហោះខ្ពស់ឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ហើយចុះចតយ៉ាងច្បាស់លាស់នៅក្នុងដែនទឹកតាមការកំណត់ទុក ។
ការបាញ់ផ្លោង ចុងក្រោយនេះ គឺជាការសាកល្បងមីស៊ីលយុទ្ធសាស្ត្រ លើកទីពីរ របស់ប្រទេសចិន ចាប់តាំងពី ទីក្រុងប៉េកាំង បានបាញ់មីស៊ីលផ្លោងឆ្លងទ្វីប ICBM ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយពេលនោះ គឺជាការសាកល្បងលើកដំបូង ចាប់តាំងពីឆ្នាំ ១៩៨០ ៕
ប្រភព ៖ Anadolu, AFP ប្រែសម្រួល ៖ សារ៉ាត
