លោក ត្រាំ ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលណាតូ នៅតួកគី
អាមេរិក ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅថ្ងៃអង្គារនេះ បានឡើងយន្តហោះ Air Force One នៅឯមូលដ្ឋានទ័ពអាកាស Joint Base Andrews រដ្ឋ Maryland ធ្វើដំណើរទៅកាន់ទីក្រុងអង់ការ៉ា ប្រទេសតួកគី ដើម្បីចូលរួមកិច្ចប្រជុំកំពូល ណាតូ។
ការទៅចូលរួមរបស់មេដឹកនាំអាមេរិក ធ្វើឡើង ចំពេលដែលទំនាក់ទំនង រវាងទីក្រុងវ៉ាស៊ីនតោន និង សម្ព័ន្ធយោធាអន្តរជាតិមួយនេះ មិនសូវជាល្អ ខណៈដែលលោក ត្រំាំ តែងរិះគន់ការចំណាយយោធារបស់ណាតូថា នៅមានចំនួនតិចតួច ដោយពឹងផ្អែកលើសមាជិកអាមេរិកខ្លាំង ហើយ លោកក៏រិះគន់ដល់ណាតូ ដែលមិនសូវជួយ អាមេរិក ធ្វើសង្គ្រាម ជាមួយអ៊ីរ៉ង់។
ជាក់ស្តែង កាលពីសប្តាហ៍មុន, លោក Trump បានសរសេរ នៅលើបណ្តាញសង្គម Truth Social ថា «គួរឱ្យអស់សំណើចណាស់ សម្រាប់សហរដ្ឋអាមេរិក ក្នុងការបន្តដើរតាមផ្លូវឯកតោភាគីនេះ នៅពេលដែលទំនាក់ទំនង មិនមានទៅវិញទៅមក…ពួកគេមិននៅទីនោះ សម្រាប់យើងទេ»។
យ៉ាងណា សម្ព័ន្ធមិត្ត NATO គ្រោងបង្ហាញពីការកើនឡើងនៃការចំណាយលើវិស័យការពារជាតិ នៅក្នុងកិច្ចប្រជុំកំពូល នៅតួកគី រយៈពេលពីរថ្ងៃ ខណៈដែលពួកគេសង្ឃឹមថា នឹងធ្វើឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្ងប់ចិត្ត៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
