ព្រឹត្តិការណ៍កីឡាទេសចរណ៍ រួមចំណែកក្នុងការផ្សព្វផ្សាយតំបន់ កម្សាន្ត និងផលិតផលសហគមន៍
ព្រឹត្តិការណ៍កីឡាទេសចរណ៍ បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយសក្កានុពលតំបន់រមណីយដ្ឋាន និងផលិតផលក្នុងស្រុករបស់ប្រជាសហគមន៍តាមបណ្តាខេត្ត។ នេះជាការលើកឡើងរបស់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គ ទៅកាន់ប្រាសាទ សំបូរព្រៃគុក កាលពីចុងសប្តាហ៍កន្លងទៅនេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ព្រឹត្តិការណ៍អបអរ សាទរ ខួបលើកទី៩ នៃការចុះបញ្ជីប្រាសាទសំបូរព្រៃគុកជា បេតិកភណ្ឌ ពិភពលោក ឯកឧត្តម វ៉ា ហេងដាវុធ រដ្ឋលេខា ធិការ ក្រសួងទេស ចរណ៍បានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលបង្កើតឡើង ដោយក្រសួង គឺដើម្បីរំលេចពីសក្ដានុពលទេសចរណ៍ និងលើកស្ទួយ ស្នាដៃផលិតផលរបស់ប្រជាសហគមន៍។
ជាក់ស្តែងព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គនាពេលនេះ បាន ទាក់ទាញអ្នកចូលរួមប្រមាណ ២ពាន់នាក់ ដែលធ្វើឱ្យមានការ ផ្សព្វផ្សាយយ៉ាងសុះសាយលើបណ្តាញសង្គម ទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ មិនចាញ់កាលពីព្រឹត្តិការណ៍ជិះកង់ទៅកាន់ ប្រាសាទ ភ្នំជីសូ ខេត្តតាកែវ កន្លងទៅនោះទេ។
ដោយឡែក ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានបញ្ជាក់ដែរថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ គឺជាចលនាបំផុសការផ្សព្វផ្សាយតំបន់ទេសចរណ៍ធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងអេកូទេសចរណ៍ ឱ្យកាន់តែលេចធ្លោឡើង។
សូមជម្រាបថា តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍ជិះកង់ និងរត់ ឆ្លងកាត់ឧបសគ្គ ទៅកាន់ប្រាសាទសំបូរព្រៃគុក ក្រសួងទេសចរណ៍បាននាំកីឡាករចូលទៅដល់ក្នុងសហគមន៍ ដើម្បីភ្លក្សរសជាតិអាហារ នំចំណី និងទិញផលិតផលកែច្នៃផ្ទាល់ដៃ។ ចំណែកវិញ្ញាសារត់ គឺអនុញ្ញាតឱ្យអ្នកចូលរួមបានរត់កាត់ព្រៃធម្មជាតិ និងឆ្លងកាត់ប្រាសាទ បុរាណដ៏អស្ចារ្យ ដែលនេះជាយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរ ឱ្យ មកកម្សាន្តកាន់តែច្រើនឡើងនៅតាមបណ្តាខេត្ត៕
ដោយ៖ជាវ ចន្ធូ






