អភិបាលកិច្ច AI កម្ពុជា ត្រូវជំរុញនវានុវត្តន៍ កសាងទំនុកចិត្ត និងចែករំលែកអត្ថប្រយោជន៍ដល់គ្រប់គ្នា
តបតាមការអញ្ជើញរបស់ឯកឧត្ដមអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុង“កិច្ចសន្ទនាសកលស្ដីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិត” ដែលប្រព្រឹត្តទៅទីក្រុងហ្សឺណែវ។ ឯកឧត្តមបានអំពាវនាវឲ្យមានការរៀបចំអភិបាលកិច្ច AI ដែលជំរុញនវានុវត្តន៍ កសាងទំនុកចិត្ត និងចែករំលែកអត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នា។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានលើកឡើងថា បញ្ញាសិប្បនិម្មិត (AI) មានសក្តានុពលក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច លើកកម្ពស់គុណភាពសេវាសាធារណៈ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ដូច្នេះ ការរៀបចំអភិបាលកិច្ច AI គួរតែផ្តោតលើការបង្កើតបរិយាកាសដែលលើកទឹកចិត្តដល់នវានុវត្តន៍ ពង្រីកលទ្ធភាពប្រើប្រាស់ កសាងទំនុកចិត្ត និងធានាឱ្យអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះបានទៅដល់ប្រជាពលរដ្ឋគ្រប់រូប មិនមែនជាការដាក់កំហិតលើការអភិវឌ្ឍនោះទេ។
ការលើកឡើងនេះ ធ្វើឡើងនៅក្នុង“កិច្ចសន្ទនាសកលស្ដីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិត” ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៦ និងទី៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកវិស័យឌីជីថល និងតំណាងមកពី ១៧០ប្រទេស និងអង្គការអន្តរជាតិនានា ប្រមាណ ៤ ០០០នាក់។
ស្របពេលដែលបញ្ញាសិប្បនិម្មិតកំពុងអភិវឌ្ឍលឿនជាងសមត្ថភាពគ្រប់គ្រង ឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាក់ថា សម្រាប់កម្ពុជា និងប្រទេសកំពុងអភិវឌ្ឍជាច្រើន សំណួរសំខាន់មិនមែនស្ថិតនៅលើថាតើគួរគ្រប់គ្រង AI ឬអត់នោះទេ ប៉ុន្តែតើត្រូវធ្វើដូចម្តេចដើម្បីបង្កើតប្រព័ន្ធអភិបាលកិច្ច ដែលអាចជំរុញការច្នៃប្រឌិត បង្កើនការចូលប្រើប្រាស់ កសាងទំនុកចិត្ត និងធានាថា អត្ថប្រយោជន៍នៃ AI ត្រូវបានចែករំលែកដោយប្រទេសទាំងអស់។
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបន្ថែមថា កម្ពុជាគាំទ្រការរៀបចំអភិបាលកិច្ច AI ដែលផ្អែកលើការវាយតម្លៃហានិភ័យ មានភាពបត់បែន ឆ្លើយតបនឹងការវិវត្តនៃបច្ចេកវិទ្យា និងមានចក្ខុវិស័យវែងឆ្ងាយ ដោយត្រូវទប់ស្កាត់មុនផលប៉ះពាល់មកដល់។
ឯកឧត្តម ជា វ៉ាន់ដេត បានអះអាងថា អភិបាលកិច្ច AI គួរតែសមស្របទៅនឹងកម្រិតហានិភ័យជាក់ស្តែង និងអាចកែសម្រួលទៅតាមការវិវត្តរបស់បច្ចេកវិទ្យា។ ស្របតាមនិន្នាការអាស៊ាន កម្ពុជានឹងធ្វើអភិបាលកិច្ចបញ្ញាសិប្បនិម្មិតដោយឈរលើគោលការណ៍ និងចាត់ទុកវិស័យឯកជន គ្រឹះស្ថានអប់រំស្រាវជ្រាវ សង្គមស៊ីវិល និងប្រជាពលរដ្ឋជាដៃគូដ៏សំខាន់ មិនមែនជាកម្មវត្ថុនៃការគ្រប់គ្រងនោះឡើយ។
ឯកឧត្តមបានគូសបញ្ជាក់ថា គ្មានប្រទេសណាមួយអាចគ្រប់គ្រងបច្ចេកវិទ្យា AI បានដោយឯកឯងនោះទេ។ ក្នុងនាមប្រទេសកម្ពុជា ឯកឧត្តមបានអំពាវនាវឱ្យសហគមន៍អន្តរជាតិពង្រឹងកិច្ចសហការលើការកសាងសមត្ថភាពជូននិយ័តករ ចែករំលែកព័ត៌មានអំពីការវិវឌ្ឍថ្មីៗ និងចែករំលែកបទពិសោធនិយ័តកម្ម និងការតាមដានឧប្បត្តិហេតុបញ្ញាសិប្បនិម្មិត ដើម្បីឱ្យមេរៀនពីប្រទេសមួយអាចផ្តល់អត្ថប្រយោជន៍ដល់ប្រទេសផ្សេងៗទៀត។
ជាចុងក្រោយ ឯកឧត្តម ជា វ៉ាន់ដេត បានសង្កត់ធ្ងន់ថា បញ្ហាដែលបង្កឡើងដោយបច្ចេកវិទ្យា ក៏ត្រូវការដំណោះស្រាយតាមរយៈបច្ចេកវិទ្យាផងដែរ។ ដូច្នេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបច្ចេកវិទ្យានានា ចូលរួមសហការយ៉ាងពិតប្រាកដជាមួយបណ្ដារដ្ឋាភិបាល ក្នុងនាមជាដៃគូសំខាន់មួយ ដើម្បីរួមគ្នាកសាងប្រព័ន្ធអភិបាលកិច្ចបញ្ញាសិប្បនិម្មិតមួយ ដែលបម្រើប្រយោជន៍របស់មនុស្សជាតិ៕
ង៉ាន់ ទិត្យ



