កូរ៉េខាងជើងប្រកាសពង្រឹងកម្លាំងនុយក្លេអ៊ែរ និង ត្រៀមប្រយុទ្ធ
ព្យុងយ៉ាង ៖ កូរ៉េខាងជើងប្រកាសពង្រឹងកម្លាំងនុយក្លេអ៊ែរទាំងគុណភាព និងបរិមាណ ខណៈពេលដែលខ្លួនកំពុងធ្វើទំនើបកម្មយោធា និង ពង្រឹងការត្រៀមខ្លួនប្រយុទ្ធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃសុក្រនេះ។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ បាននិយាយថា ការប្រកាសនេះបានកើតឡើង នៅក្នុងកិច្ចប្រជុំដ៏ធំមួយ កាលពីថ្ងៃព្រហស្បតិ៍ របស់គណៈកម្មការយោធាកណ្តាល គណបក្សកាន់អំណាច។
KCNA បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនៃប្រព័ន្ធប្រយុទ្ធក៏នឹងត្រូវបានធ្វើឱ្យប្រសើរឡើងផងដែរ ហើយទីក្រុងព្យុងយ៉ាងនឹងបន្ត «ពន្លឿនការសាងសង់មូលដ្ឋានកងទ័ពជើងទឹកទំនើប»។
បើតាមប្រភព, លោក គីម ជុនអ៊ុន មេដឹកនាំកូរ៉េខាងជើង បានប្រាប់អ្នកចូលរួមកិច្ចប្រជុំថា សន្តិភាព និងសន្តិសុខរបស់ប្រទេសអាចកើតឡើងបានលុះត្រាតែមាន «កងទ័ពដ៏រឹងមាំ» និងការទប់ស្កាត់ការគំរាមកំហែងទាំងអស់។
កូរ៉េខាងជើងបានប្រកាសម្តងហើយម្តងទៀតថា ខ្លួនជារដ្ឋនុយក្លេអ៊ែរ ដែលមិនអាចត្រឡប់ក្រោយវិញបានជាដាច់ខាត។
ប្រទេសដែលមានភាពស្ងប់ស្ងាត់មួយនេះកំពុងស្ថិតក្រោមទណ្ឌកម្មជាច្រើនសំណុំ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយមេដឹកនាំរបស់ខ្លួនបានសន្យាថា នឹងបន្តជាការរារាំងដ៏សំខាន់មួយ ចំពោះសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
បើតាមបច្ចេកទេស, កូរ៉េខាងជើងនៅតែមានសង្គ្រាម ជាមួយកូរ៉េខាងត្បូង ពីព្រោះជម្លោះឆ្នាំ ១៩៥០-១៩៥៣ របស់ប្រទេសជិតខាងបានបញ្ចប់ដោយបទឈប់បាញ់ ជាជាងសន្ធិសញ្ញាសន្តិភាព៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
