បាតុភូត អែល នីញូ គំរាមកំហែងដំណាំកាហ្វេ, សមាគមណែនាំកុំឱ្យដាំថ្មីបើគ្មានទឹក
ភ្នំពេញ៖បាតុភូតអាកាសធាតុក្តៅខ្លាំង ឬ ស៊ុបភឺ អែល នីញូ(Super El Niño) កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទិន្នផល និងគុណភាពកាហ្វេនៅកម្ពុជា។ក្នុងស្ថានភាពនេះប្រធានសមាគមកាហ្វេកម្ពុជា បានក្រើនរំលឹកទៅអ្នកដាំដំណាំនេះថា «ដាច់ខាតកុំទាន់ដាំដើមកាហ្វេថ្មី បើគ្មានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់» ព្រោះអាចប្រឈមនឹងការខាតបង់ទាំងស្រុង។
ឈានមកដល់ខែកក្កដា ទោះបីជាកំពុងស្ថិតក្នុងរដូវវស្សាក៏ដោយ ប៉ុន្តែឥទ្ធិពលកម្ដៅដ៏ក្តៅហួតហែង បានធ្វើឱ្យកូនកាហ្វេដែលទើបនឹងដាំថ្មីៗ ងាប់ជាបន្តបន្ទាប់។ លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជាបាននិយាយថា សូម្បីតែចម្ការកាហ្វេផ្ទាល់ខ្លួនរបស់លោក ក៏បានងាប់អស់ប្រមាណ ៣០ភាគរយទៅហើយ ក្រោយដាំបានប៉ុន្មានខែមកនេះ។
ដើម្បីទប់ទល់នឹងវិបត្តិនេះ លោកប្រធានសមាគមបានណែនាំឱ្យកសិករ ត្រូវតែពង្រឹងការគ្រប់គ្រងទឹកឱ្យបានល្អ និងត្រូវសាងសង់ ឬពង្រីកអាងស្តុកទឹកភ្លៀងទុកសម្រាប់ប្រើប្រាស់ក្នុងគ្រាខ្វះខាត។
ទោះជាជួបឧបសគ្គអាកាសធាតុក៏ដោយ របាយការណ៍បង្ហាញថា សន្ទុះនៃការដាំដុះកាហ្វេនៅកម្ពុជានៅតែមានការកើនឡើង ដោយបច្ចុប្បន្នមានផ្ទៃដីដាំដុះចន្លោះពី ៦០០ ទៅ ៨០០ហិកតាទូទាំងប្រទេស។ តំបន់ដាំដុះសំខាន់ៗ រួមមាន ខេត្តមណ្ឌលគិរី រតនគិរី កំពង់ចាម ត្បូងឃ្មុំ ពោធិ៍សាត់ កោះកុង ប៉ៃលិន និងខេត្តបាត់ដំបង។
ចំពោះពូជកាហ្វេដែលពេញនិយមបំផុតមាន ៣ប្រភេទ គឺពូជរ៉ូប៊ីស្តា (Robusta) និងអារ៉ាប៊ីកា (Arabica) ដែលជាប្រភេទដាំដុះសម្រាប់អាជីពពាណិជ្ជកម្ម។ រីឯមួយប្រភេទទៀតគឺ អ៊ិចស៊ែលសា (Excelsa) ដែលជាពូជសេសសល់តាំងពីសម័យបារាំង។
សូមជម្រាបថា យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បរិមាណផលកាហ្វេនៅកម្ពុជា សម្រេចបានជាង ១,៣១៤ តោន ដោយទទួលបានទិន្នផលជាមធ្យម ២,៥ តោន ក្នុងមួយហិកតា៕
ដោយ៖ម៉ាដេប៉ូ
