អាស៊ាន-ឥណ្ឌាសហការជំរុញភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យវិទ្យាសាស្ត្រ ក្នុងសន្និសីទនៅភ្នំពេញ
សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រី អាស៊ាន-ឥណ្ឌា លើកទី២ បានបិទបញ្ចប់ដោយជោគជ័យនៅរាជធានីភ្នំពេញ ដោយបង្ហាញការប្តេជ្ញាចិត្តរួមរបស់អាស៊ាន និងឥណ្ឌា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
សន្និសីទរយៈពេល៣ថ្ងៃ ក្រោមប្រធានបទ «ការកសាងសហគមន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ប្រកបដោយបរិយាបន្ន» បានប្រមូលផ្តុំប្រតិភូចំនួន ១៣៥ រូប ក្នុងនោះមានស្ត្រីជាអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវចំនួន ៩០រូប មកពីប្រទេសឥណ្ឌា និងបណ្តាប្រទេសសមាជិកអាស៊ាន ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យ STEM។
ថ្លែងក្នុងពិធីបិទសន្និសីទ កាលពី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់ថា ការវិនិយោគលើស្ត្រីមានសារសំខាន់ណាស់សម្រាប់កសាងអនាគតដែលកាន់តែមានភាពធន់ និងនវានុវត្តន៍។
ឯកឧត្តមបានលើកឡើងថា៖ “ស្ត្រីគឺជាគ្រូដំបូង និងជាអ្នកណែនាំដ៏មានឥទ្ធិពលបំផុតសម្រាប់កូនៗ។ ដូច្នេះ ការផ្តល់ភាពអង់អាចដល់ស្ត្រីនឹងនាំមកនូវអត្ថប្រយោជន៍យូរអង្វែងសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ។ នៅពេលសង្គមទទួលបានសក្តានុពលរបស់ស្ត្រីក្នុងវិស័យ STEM និងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ យើងមិនត្រឹមតែពង្រឹងបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងតែឲផ្ដល់ដំណោះស្រាយចំពោះបញ្ហាប្រឈមធំៗដែលមនុស្សជាតិកំពុងជួបប្រទះ។”
ចំណែកឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងថា៖ “សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រី អាស៊ាន-ឥណ្ឌា គឺជាឧទាហរណ៍ដ៏លេចធ្លោមួយ ដែលបង្ហាញពីការពង្រីកទាំងវិសាលភាព និងជម្រៅនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងឥណ្ឌា”
ដោយឡែក ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានបញ្ជាក់ថា សន្និសីទនេះមិនមែនត្រឹមតែជាវេទិកាសម្រាប់កិច្ចសន្ទនាប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើតការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយរវាងអ្នកស្រាវជ្រាវ នវានុវត្តន៍ករ សហគ្រិន និងយុវជន ព្រមទាំងបើកឱកាសថ្មីៗសម្រាប់កំណើនប្រកបដោយបរិយាបន្ន ចីរភាព និងវិបុលភាពរួមសម្រាប់ទាំងអាស៊ាន និងឥណ្ឌា។”
អង្គសន្និសីទនេះបានបិទបញ្ចប់ជាមួយការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រក្នុងតំបន់ ពង្រឹងបណ្តាញវិជ្ជាជីវៈ និងបង្កើតឱកាសកាន់តែច្រើនសម្រាប់ស្ត្រី និងក្មេងស្រី ក្នុងការក្លាយជាអ្នកដឹកនាំក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅទូទាំងតំបន់៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា















