ក្រុមហ៊ុនកម្ពុជា-បារាំងចាប់ផ្ដើមសិក្សាគម្រោងអភិវឌ្ឍន៍ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ការប្តេជ្ញាចិត្ត និងកិច្ចសហការរួមគ្នាយ៉ាងជិតស្និទ្ធរវាងវិស័យឯកជនកម្ពុជា និងបារាំង ស្តែងចេញជាគំរូល្អមួយសំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និរន្តរភាពសេដ្ឋកិច្ច ធានាបាននូវសន្តិសុខស្បៀង និងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ដូចនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មសិក្សាសមិទ្ធលទ្ធភាពគម្រោង«ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ» រវាងក្រុមហ៊ុន WorldBridge Group និងក្រុមហ៊ុន SEMMARIS (សែមម៉ារីស) លពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ សាងគ្រីឡា ភ្នំពេញ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម នីកូឡា ហ្វ័ររីស្យេ(Nicolas FORISSIER) រដ្ឋមន្រ្តីប្រតិភូអមក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ នៃប្រទេសបារាំង ផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងសេចក្តីសោមនស្សចំពោះពិធីដ៏មានសារៈសំខាន់សម្រាប់វិស័យកសិកម្មនេះ ជាពិសេសការរួមគ្នាក្នុងការប្រែក្លាយចក្ខុវិស័យរួមមួយឱ្យលេចចេញជារូបរាង នោះគឺគម្រោងបង្កើត «ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ» ដែលជាមជ្ឈមណ្ឌលតភ្ជាប់ដ៏មានសុវត្ថិភាពពីកសិដ្ឋានទៅកាន់តុអាហារ។
ឯកឧត្តម ឌិត ទីណា បន្ថែមថា ក្រសួងនឹងផ្តល់ការគាំទ្រ លើការសម្របសម្រួលបច្ចេកទេស ដើម្បីធានាថាដំណើរការសិក្សាសមិទ្ធិលទ្ធភាពនេះ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងសម្រេចបានតាមផែនការគ្រោងទុក៕
ប្រភព៖ក្រសួងកសិកម្ម







