អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីកោតសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងថៃដោយសន្តិវិធី
ភ្នំពេញ៖ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានកោតសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រែក្លាយប្រទេសកម្ពុជាជាប្រទេសដែលធ្លាប់មានសង្គ្រាម ក្លាយជាប្រទេសដែលមានការអភិវឌ្ឍន៍ និងគោរពចំពោះបទពិសោធន៍ និងការដឹកនាំរបស់សម្តេចតេជោចំពោះការដោះស្រាយបញ្ហារវាងកម្ពុជា និងថៃ និងគាំទ្រយ៉ាងពេញទំហឹងចំពោះជំហររបស់កម្ពុជានៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនិងថៃដោយសន្តិវិធី។ ការកោតសរសើរបានធ្វើឡើងនៅក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសាមគ្គីភាព នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។
នៅក្នុងជំនួប សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីនៅកម្ពុជា គឺជាផ្នែកនៃការរឹតចំណងមិត្តភាពរវាទំនាក់ទំនងកម្ពុជា និងម៉ាឡេស៊ី និងកិច្ចសហប្រតិបត្តិការនៃកងទ័ពនិងកងទ័ពរវាងប្រទេសទាំងពីរ។
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានបង្ហាញអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងម៉ាឡេស៊ី ហើយទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានាពេលនេះ ក៏បានបង្ហាញយ៉ាងច្បាស់ថាប្រទេសកម្ពុជានិងម៉ាឡេស៊ីមានទំនាក់ទំនងដ៏ល្អរវាងគ្នានិងគ្នា។ ហើយជាពិសេសនៅក្នុងក្របខណ្ឌនៃទំនាក់ទំនងកងទ័ពនៃប្រទេសទាំងពីរ។
សម្តេចតេជោបានសម្តែងការពេញចិត្តចំពោះការលើកឡើងរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីដែលបានលើកឡើងពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី។ ដោយសម្តេចតេជោបានលើកឡើងថា នាពេលបច្ចុប្បន្ននេះ កម្ពុជានិងម៉ាឡេស៊ីមានទំនាក់ទំនងដ៏ស៊ីជម្រៅជាមួយគ្នា។ ហើយជាពិសេសបន្ទាប់ពីវត្តមាននៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅកម្ពុជាកាលពីពេលកន្លងទៅបានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី កាន់តែមានភាពរីកចំរើនបន្ថែមទៀត។ ទន្ទឹមនឹងនេះ កំណើនសេដ្ឋកិច្ចប្រទេសទាំងពីរក៏មានការរីកចំរើននិងមានការកើនឡើងផងដែរ។ ហើយទំនាក់ទំនងក្នុងវិស័យការពារជាតិរវាងកងទ័ពនិងកងទ័ពរវាងកម្ពុជា និងម៉ាឡេស៊ីក៏មានការរីកចំរើនគួរឲ្យកត់សម្គាល់ផងដែរ។
សម្តេចតេជោក៏បានចែករំលែកស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ ផងដែរ ដោយសម្តេចបានបញ្ជាក់នៅគោលជំហររបស់កម្ពុជានៅក្នុងការដោះស្រាយព្រំដែនរវាងកម្ពុជា និងថៃ ដោយឈរលើការដោះស្រាយដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានលើកឡើងដោយកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន ថា ជាមេដឹកនាំមួយ ដែលឯកឧត្តមគោរព និងគោរពចំពោះការដឹកនាំរបស់សម្តេចតេជោ ដែលបានប្រែក្លាយប្រទេសកម្ពុជាជាប្រទេសដែលធ្លាប់មានសង្គ្រាមក្លាយជាប្រទេសដែលមានការអភិវឌ្ឍន និងគោរពចំពោះបទពិសោធន៍និងការដឹកនាំរបស់សម្តេចតេជោចំពោះការដោះស្រាយបញ្ហារវាងកម្ពុជា និងថៃ និងគាំទ្រយ៉ាងពេញទំហឹងចំពោះជំហររបស់កម្ពុជានៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនិងថៃដោយសន្តិវិធី៕
ដោយ៖ពលជ័យ




