អ៊ីរ៉ង់ ដាក់បញ្ចូលលោក Trump និងមេដឹកនាំអឺរ៉ុបដទៃទៀត ជាគោលដៅសងសឹក
តេហេរ៉ង់ ៖ កាសែតអភិរក្សនិយមមួយរបស់អ៊ីរ៉ង់ បានចុះផ្សាយបញ្ជីរាយនាមបុគ្គល ដែលត្រូវកំណត់ជាគោលដៅធ្វើឃាត ដើម្បីសងសឹកចំពោះការសម្លាប់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ។
បើតាម AFP ចេញផ្សាយថ្ងៃ អាទិត្យ, ក្នុងចំណោមបុគ្គលទាំងនោះ រួមមានទាំងមេដឹកនាំសហរដ្ឋអាមេរិក អ៊ីស្រាអែល និងបណ្តាប្រទេសនៅប្លុកអឺរ៉ុប ។
កាសែតផ្លូវការរបស់អ៊ីរ៉ង់ Hamshahri បានបង្ហោះរូបភាពក្រាហ្វិកមួយ ដោយចាត់ទុកលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump រួមទាំងមេដឹកនាំកំពូលៗរបស់អឺរ៉ុប និងអ៊ីស្រាអែលសរុបចំនួន ១៣ រូប ជាគោលដៅសងសឹកផ្ដាច់ជីវិត ។
ក្រាហ្វិករបស់កាសែតអ៊ីរ៉ង់នេះ បានកែច្នៃរូបភាពមេដឹកនាំទាំងនោះ ឱ្យស្លៀកសម្លៀកបំពាក់អ្នកទោសពណ៌ទឹកក្រូច និងមានគូសសញ្ញាផ្ទាំងស៊ីបនៅលើថ្ងាសរបស់លោក Trump និងលោក Netanyahu ទៀតផង ។
បើតាម The Standard, អ៊ីរ៉ង់បានចោទប្រកាន់មេដឹកនាំនៅអឺរ៉ុបទាំងនោះថា ជាអ្នកផ្សំគំនិត ក្នុងការវាយប្រហារលើទឹកដីរបស់ខ្លួន និងថា ប្រទេសអឺរ៉ុបទាំងនេះមិនត្រឹមតែមិនថ្កោលទោសការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានអនុញ្ញាតឱ្យយន្តហោះយោធាអាមេរិក ហោះកាត់ដែនអាកាសរបស់ពួកគេថែមទៀតផង ។
ការចុះផ្សាយនេះធ្វើឡើងបន្ទាប់ពីមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ គឺលោក Ayatollah Mojtaba Khamenei បានប្រកាសប្ដេជ្ញាសងសឹកចំពោះការធ្វើឃាតឪពុករបស់លោក គឺលោក Ali Khamenei នៅក្នុងការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅ ៕
ប្រភព ៖ AFP និង The Standard ប្រែសម្រួល ៖ ឈឹម ទីណា
