ក្រសួងទេសចរណ៍រំលឹកពីហានិភ័យដោយសារគ្រោះធម្មជាតិក្នុងរដូវវស្សានេះ
ខណៈដែលក្រសួងធនធានទឹក និងឧតុនិយម ព្យាករថា នៅទូទាំងប្រទេសកម្ពុជានឹងបន្តធ្លាក់ភ្លៀងលាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ នៅថ្ងៃអង្គារ៍នេះ ក៏បានចេញសេចក្តីណែនាំឱ្យមន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវផ្សព្វផ្សាយជូនដំណឹងដល់ប្រតិបត្តិករទេសចរណ៍ និងសហគមន៍ទេសចរណ៍ទាំងអស់ឱ្យបានជ្រាបជាមុនអំពីហានិភ័យ ដែលកើតមានដោយសារការប្រែប្រួលអាកាសធាតុ។
មន្ទីរទេសចរណ៍ទាំងអស់ត្រូវពង្រឹងវិធានការបង្ការគ្រប់គ្រងហានិភ័យ និងថែរក្សាសុវត្ថិភាពភ្ញៀវទេសចរឱ្យបានហ្មត់ចត់ និងត្រៀមលក្ខណៈចូលរួមសង្គ្រោះឱ្យបានទាន់ពេលវេលា។
កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន មានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យទឹកហូរច្រោះធ្លាក់មកពីលើភ្នំ ធ្វើឲ្យកម្ពស់ទឹកនៅតាមអូរ បឹង ទន្លេមួយចំនួនកើនឡើង និងជន់លិចតំបន់ខ្លះៗ។ អាជ្ញាធរបានជម្លៀសភ្ញៀវទេសចរជាង ៦០០នាក់ដែលទៅកម្សាន្តនៅតំបន់ទេសចរណ៍ខ្នងផ្សារ ខេត្តកំពង់ស្ពឺ និងតំបន់ទេសចរណ៍ជីផាត ខេត្តកោះកុង។
ដោយឡែក មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានព្រមានពីហានិភ័យឡើងភ្នំ បោះតង់នៅតំបន់ទឹកហូរ ទឹកជ្រោះ ឬទឹកធ្លាក់ ហើយណែនាំឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នមែកឈើបាក់ ឬរអិលថ្ម ក្នុងរដូវធ្លាក់ភ្លៀងនេះ។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា គិតត្រឹមថ្ងៃអង្គារ៍នេះ ស្ថានភាពទឹកជំនន់នៅក្នុងខេត្តបាត់ដំបង កំពត ព្រះសីហនុ កោះកុង និងកំពង់ស្ពឺ ចាប់ផ្តើមថមថយទៅវិញ ដោយតំបន់ខ្លះបានស្រកទៅវិញអស់ហើយ ហើយតំបន់ខ្លះទៀតបានស្រកបន្តិច។
ទោះបីតំបន់ខ្លះរងការជន់លិចដោយសារជំនន់ទឹកភ្លៀង ប៉ុន្តែលោក សុទ្ធ គឹមកុលមុនី បាននិយាយថា ការធ្លាក់ភ្លៀងនៅប៉ុន្មានថ្ងៃកន្លងទៅនេះ ក៏បានជួយស្រោចស្រង់ និងសង្រ្គោះដំណាំស្រូវមួយចំនួនដែលរងការខ្វះខាតទឹកផងដែរ៕
សៅ សុខអេង




