ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ផ្ញើព្រះរាជសារចូលរួមសោកស្តាយទៅលោក ស៊ី ជីនពីង ចំពោះជំនន់ទឹកភ្លៀងវាយប្រហារប្រទេសចិន

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានផ្ញើព្រះរាជសារចូលរួមសោកស្តាយទៅលោកប្រធានាធិបតីចិន លោក ស៊ី ជីនពីង ចំពោះគ្រោះទឹកជំនន់ និងការបាក់ដី វាយប្រហារតំបន់មួយចំនួនក្នុងប្រទេសចិន បង្កឱ្យពលរដ្ឋស្លាប់ និងរងរបួស និងបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានា។

ព្រះអង្គទាំងទ្វេ បានសម្តែងព្រះទ័យក្រៀមក្រំ ចែករំលែកសមាណទុក្ខ និងក្តីអាណិតអាសូរចំពោះក្រុមគ្រួសារជនរងគ្រោះ អ្នករងរបួស អ្នកបាត់ខ្លួន និងអ្នកប្រឈមមុខនឹងការលំបាក ក្នុងគ្រោះមហន្តរាយធម្មជាតិដ៏សាហាវនេះ។

ព្រះអង្គទាំងទ្វេ ជឿជាក់ថា ក្រោមការដឹកនាំដ៏របស់លោកប្រធានាធិបតី ស៊ី ជីនពីង បក្សកុម្មុយនិស្ត ក្រុមប្រឹក្សារដ្ឋ និងកងទ័ពរំដោះប្រជាជន ប្រជាជនចិននឹងយកឈ្នះលើពេលវេលាដ៏លំបាកនេះ ហើយកិច្ចខិតខំប្រឹងប្រែងទាំងឡាយនឹងជួយស្តារក្តីសង្ឃឹម និងប្រក្រតីភាពឡើងវិញដល់សហគមន៍ដែលរងផលប៉ះពាល់។

សូមបញ្ជាក់ថា ព្យុះទីហ្វុង Bavi បានបង្កឱ្យមានគ្រោះទឹកជំនន់ និងបាក់ដី បង្ខំឱ្យពលរដ្ឋចិនជាង២លាន៨សែននាក់បានជម្លៀសចេញទូទាំងប្រទេស។ ប៉ុន្តែមិនទាន់មានរបាយការណ៍ជាក់លាក់ពីចំនួនអ្នកស្លាប់ និងរបួសនៅឡើយទេ ខណៈអាជ្ញាធរចិន ព្រមានថា តំបន់មួយចំនួននឹងបន្តធ្លាក់ភ្លៀងជាបន្តទៀតនៅក្នុងសប្តាហ៍នេះ៕

សៅ សុខអេង

ads banner