ថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃ
ភ្នំពេញ៖ដូចការគ្រោងទុក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាពុធថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្ដាល ដើម្បីចូលរួមបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉េកាំង និងចូលរួមកម្មវិធីសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។
អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី មានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមទាំងរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងតំណាងធុរជនកម្ពុជា។
ក្នុងឱកាសស្នាក់នៅប្រទេសចិន សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបសម្តែងការគួរសមចំពោះឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង និងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីចិន លី ឈាង។ ក្រៅពីការថ្លែងសុន្ទរកថានៅក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបតំណាងធុរជនចិនសំខាន់ៗជាច្រើនផងដែរ។
ក្រសួងការបរទេស បានគូសបញ្ជាក់ថា ទស្សនកិច្ចការងារនេះ គូសបញ្ជាក់អំពីការប្តេជ្ញារួមគ្នារវាងកម្ពុជា និងចិន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ទស្សនកិច្ចនេះក៏ជាកម្លាំងចលករថ្មីទៀត ដើម្បីជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ៕
ដោយ៖ស៊ូ វណ្ណលុក







