ការដឹកជញ្ជូនតាមផ្លូវអាកាសកើនឡើងជិត៣០% ខណៈចំនួនអ្នកដំណើរធ្លាក់ចុះ៧% នៅឆមាសទី១ឆ្នាំនេះ
របាយការណ៍របស់អាកាសចរណ៍ស៊ីវិលកម្ពុជា បានបង្ហាញថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ នៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ ទោះបីវិស័យអាកាសចរណ៍សាកល រួមទាំងកម្ពុជាផង បានរងឥទ្ធិពលពីវិបត្តិសាកលក៏ដោយ។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃពុធនេះថា កត្តាដែលធ្វើឲ្យការដឹកជញ្ជូនតាមអាកាសរបស់កម្ពុជាកើនឡើង គឺដោយសារតែកម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន។ ម៉្យាងទៀត ការប្រើប្រាស់ទំហំផ្ទុកទំនិញក្រោមពោះយន្តហោះមានប្រសិទ្ធភាពកាន់តែខ្ពស់ ដែលឆ្លុះបញ្ចាំងពីការពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការរីកចម្រើននៃវិស័យ e-commerce នៅក្នុងប្រទេស។
ប៉ុន្តែ បើក្រឡេកទៅមើលពីចំនួនអ្នកដំណើរចេញ-ចូលតាមផ្លូវអាកាសរបស់កម្ពុជាវិញ គឺមានការថយចុះ ដោយកម្ពុជាទទួលបានអ្នកដំណើរ ជាង ៣ លាន ២សែន ៦ម៉ឺននាក់ នៅឆមាសទី១ ឆ្នាំ២០២៦នេះ។ ពោលមានការធ្លាក់ចុះ ៧ភាគរយ បើធៀបនឹងឆមាសទី១ឆ្នាំមុន។
យោងតាមអាកាសចរណ៍ស៊ីវិលកម្ពុជា បណ្តាញហោះហើរបច្ចុប្បន្នបង្ហាញពីការប្រមូលផ្តុំខ្លាំងនៅរាជធានី ដោយអាកាសយានដ្ឋានអន្តរជាតិតេជោគ្រប់គ្រងចំណែកទីផ្សារជាង ៧០ភាគរយនៃជើងហោះហើរសរុប។ រីឯតំបន់ទេសចរណ៍វប្បធម៌ សៀមរាបអង្គរ ទទួលចំណែកទីផ្សារបានត្រឹមតែ ២៤ភាគរយប៉ុណ្ណោះ ហើយតំបន់ឆ្នេរខេត្តព្រះសីហនុ ទទួលបានចំណែកទីផ្សារតិចតួចបំផុត គឺជាង ៥ភាគរយ។
ការធ្លាក់ចុះចំនួនអ្នកដំណើរតាមយន្តហោះ គឺជានិន្នាការសាល ដែលបណ្តាលមកជម្លោះភូមិសាស្ត្រនយោបាយ ជាពិសេសសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានធ្វើឲ្យប្រេងឡើងថ្លៃ និងបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ជាច្រើនប្តូរផ្លូវហោះហើរ។ ការប្តូរផ្លូវនេះធ្វើឱ្យចំណាយប្រេងឥន្ធនៈ និងពេលវេលាហោះហើរកើនឡើង ហើយតម្លៃសំបុត្រក៏កើនឡើង ដែលចុងក្រោយ បន្ទុកនេះត្រូវធ្លាក់ទៅលើអ្នកធ្វើដំណើរ។
យោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍ កាលពីឆ្នាំ ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥,៦លាននាក់។ ដោយឡែក ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជា ទទួលបានភ្ញៀវអន្តរជាតិប្រមាណ ១,៥ លាននាក់ប៉ុណ្ណោះ គឺធ្លាក់ចុះដល់ជិត ៤៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ក្រសួងបានដាក់ចេញវិធានការជាច្រើន ដើម្បីទាក់ទាញភ្ញៀវអន្តរជាតិ និងជំរុញវិស័យទេសចរណ៍នៅកម្ពុជាឡើងវិញ៕
ខន ណារី AMS

