កម្ពុជាចាត់ទុកឆ្នាំ២០២៦ គឺជាឆ្នាំដ៏មានអត្ថន័យវិសេសវិសាលបំផុតសម្រាប់ទំនាក់ទំនងកម្ពុជា-បារាំង
ប្រទេសកម្ពុជាបានចាត់ទុកឆ្នាំ២០២៦នេះ គឺជាឆ្នាំដ៏មានអត្ថន័យវិសេសវិសាលបំផុតសម្រាប់ទំនាក់ទំនងកម្ពុជា-បារាំង ដោយកម្ពុជាមានកិត្តិយស និងសេចក្តីសោមនស្សក្រៃលែងក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ដូច្នេះ ក្នុងពិធីអបអរសាទរខួបលើកទី២៣៦ នៃទិវាបុណ្យជាតិបារាំង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅស្ថានទូតបារាំង នៅភ្នំពេញ។
ប្រមុខការទូតកម្ពុជា បានបញ្ជាក់ថា នៅខែវិច្ឆិកា ឆ្នាំ២០២៦នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ។ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់សម្រាប់សហគមន៍ហ្រ្វង់កូហ្វូនី ដែលមានសមាជិក ៩០ប្រទេស ផ្សារភ្ជាប់គ្នាតាមរយៈការប្រើប្រាស់ភាសាបារាំង គុណតម្លៃរួមនៃសាមគ្គីភាព ការបើកទូលាយ កិច្ចសន្ទនា ភាពចម្រុះនៃវប្បធម៌ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ភាពជាដៃគូរវាងប្រទេសបារាំង និងកម្ពុជា បានគ្របដណ្តប់លើវិស័យយុទ្ធសាស្ត្រជាច្រើន រួមមានកសិកម្ម ពាណិជ្ជកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល ការពារជាតិ អប់រំ វប្បធម៌ និងការអភិរក្សបេតិកភណ្ឌ។ ប្រទេសបារាំងនៅតែជាដៃគូនាំមុខ ដែលគាំទ្រជាបន្ដបន្ទាប់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។
ជាមួយគ្នានេះ ប្រទេសទាំងពីរក៏រក្សាបាននូវការផ្លាស់ប្តូរទស្សនៈយ៉ាងជិតស្និទ្ធលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗផងដែរ។ រដ្ឋមន្រ្តីការបរទេសកម្ពុជាលើកឡើងថា ក្នុងបរិបទសកលដែលកំពុងប្រឈមនឹងការប្រែប្រួលយ៉ាងឆាប់រហ័ស ភាពមិនប្រាកដប្រជាកាន់តែកើនឡើង និងភាពតានតឹងដែលនៅតែបន្ត យើងមានការជឿជាក់ដូចគ្នាថា កិច្ចសន្ទនា ពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ គឺជាមូលដ្ឋានដ៏ប្រសើរបំផុតសម្រាប់ធានាបាននូវសន្តិភាពប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពរួម។
សូមបញ្ជាក់ថា កម្ពុជាចាត់ទុកដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នាពេលខាងមុខ ថាជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំង ដែលនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ រួមចំណែកលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និងឈានទៅដល់កម្រិតខ្ពស់ថ្មីមួយទៀត៕
ខន ណារី AMS







