ល្បិចថ្មីចោរបច្ចេកវិទ្យាកំពុងវាយឆ្មក់គ្រប់គ្រងតេឡេក្រាម តាមរយៈឯកសារបង្កប់មេរោគ
ភ្នំពេញ៖ក្រសួងប្រៃសណីយ៍ និង ទូរគនាគមន៍បានក្រើនរំលឹកដល់អ្នក កំពុងប្រើប្រាស់បណ្ដាញសង្គមតេឡេក្រាមឱ្យមានការប្រុង
ប្រយ័ត្ន ពីព្រោះមានក្រុមចោរបច្ចេកវិទ្យាកំពុងប្រើល្បិចថ្មី ដោយផ្ញើ ឯកសារបង្កប់មេរោគ ដើម្បីលួចវាយឆ្មក់គ្រប់គ្រងគណនីតេឡេក្រាម( Telegram )របស់អ្នកប្រើប្រាស់។
អ្នកប្រើប្រាស់បណ្តាញសង្គម និងកម្មវិធីផ្ញើសារទាំងអស់ ដាច់ខាត «កុំបើក កុំចុច ឬកុំដំណើរការ» ឯកសារទាំងឡាយណាដែលមានផ្នែកខាងចុង ឬហៅជាភាសាអង់គ្លេសថា Extension ដូចជា .exe, .bat, .vbs, .sh, .msi និង .scr។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាពេលថ្មីៗនេះ។
បើតាមរដ្ឋមន្រ្តីប្រៃសណីយ៍ គឺឯកសារទាំងនេះ ភាគច្រើនជាប្រភេទ ឯកសារបញ្ជាការងារ ដែលអាចផ្ទុកមេរោគ ឬកម្មវិធីបង្កការខូចខាត ផ្សេងៗ។ នៅពេលដែលអ្នកប្រើប្រាស់ចុចបើក វានឹងរត់ដំណើរការ ដោយស្វ័យប្រវត្តិដើម្បីលួចព័ត៌មានផ្ទាល់ខ្លួន ពាក្យសម្ងាត់ ព័ត៌មាន គណនីធនាគារ ឬសូម្បីតែលួចគ្រប់គ្រង និងបញ្ជាឧបករណ៍ឌីជីថល ដូចជា ទូរសព្ទ ឬកុំព្យូទ័រ របស់អ្នកប្រើប្រាស់ពីចម្ងាយតែម្តង។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ បានអំពាវនាវប្រជាពលរដ្ឋ ទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះរាល់ឯកសារភ្ជាប់ដែលទទួលបានតាមរយៈកម្មវិធី Telegram ក៏ដូចជាកម្មវិធីផ្ញើសារផ្សេងៗ ស្របពេលដែលក្រុមចោរបច្ចេកវិទ្យា (Hackers) កំពុងប្រើប្រាស់ល្បិច កលផ្ញើឯកសារបង្កប់មេរោគដើម្បីលួចទិន្នន័យ។
ជុំវិញការវាយប្រហារបច្ចេកវិទ្យានេះ លោក ជី សុផាត អ្នកជំនាញ ឌីជីថល បានបង្ហាញការព្រួយបារម្ភចំពោះល្បិចកលថ្មីរបស់ក្រុមចោរ បច្ចេកវិទ្យា ដែលកំពុងប្រើប្រាស់កម្មវិធីបង្កប់មេរោគ មានទម្រង់ ស្រដៀងនឹងកម្មវិធីដំណើរការលើកុំព្យូទ័រ Windows ធ្វើឱ្យអ្នកប្រើ ប្រាស់ពិបាកវាយតម្លៃ និងពិនិត្យចំណាំ។
ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា ប្រសិនបើមានបុគ្គល ណាម្នាក់ផ្ញើឯកសារគួរឱ្យសង្ស័យទាំងនេះចូលក្នុងតេឡេក្រាម Telegram គឺមានភាគរយខ្ពស់ណាស់ដែលវាជាឯកសារមេរោគ។
តាមការបញ្ជាក់ពីអ្នកជំនាញរូបនេះ មេរោគទាំងនោះមានសមត្ថភាព បំផ្លិចបំផ្លាញ និងបង្កការខូចខាតដូចជា ទាញយកព័ត៌មានផ្ទាល់ខ្លួន និងលួចយកលេខសម្ងាត់ផ្សេងៗ។ ក្រុមចោរបច្ចេកវិទ្យាផ្តោតលើ Telegram ដោយសារកម្មវិធីនេះមានលំហូរអ្នកប្រើប្រាស់ច្រើនលើស លប់នាពេលបច្ចុប្បន្ន។
លោក ជី សុផាត បានបន្ថែមថា កត្តាដែលធ្វើឱ្យពលរដ្ឋខ្មែរងាយ ធ្លាក់ក្នុងអន្ទាក់ និងរងគ្រោះខ្លាំងពីក្រុមចោរទាំងនេះ គឺដោយសារតែការខ្វះខាតចំណេះដឹងផ្នែកឌីជីថល និងភាពទន់ខ្សោយក្នុងការ ការពារប្រព័ន្ធសុវត្ថិភាពនៅលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួន។
យោងតាមការណែនាំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រសិនបើអ្នកប្រើប្រាស់បានចុច ឬបើកឯកសារដោយច្រឡំ ត្រូវតែ ប្រញាប់អនុវត្តតាមជំហានសំខាន់ៗដូចជា បិទកុំព្យូទ័រ ឬទូរសព្ទភ្លាមៗ សម្រាប់រយៈពេលប្រមាណ ៥នាទីសិន។ ដាច់ខាតកុំចុចពាក្យ “Run”, “Enable”, “Install” ឬ “Allow” ប្រសិនបើមានសារលោតឡើងនូវ ការស្នើសុំ។
ជាមួយគ្នានេះ ត្រូវផ្ដាច់ប្រព័ន្ធអ៊ីនធឺណិត ឬ Wi-Fi ភ្លាមៗ ប្រសិន បើមានការសង្ស័យថាឧបករណ៍កំពុងត្រូវបានវាយប្រហារ។ ត្រូវធ្វើការស្កេនឧបករណ៍ ដោយប្រើកម្មវិធីការពារមេរោគដែល បានធ្វើបច្ចុប្បន្នភាពផ្លាស់ប្ដូរពាក្យសម្ងាត់ជាបន្ទាន់ សម្រាប់គណនីសំខាន់ៗ ដូចជា អ៊ីមែល, ធនាគារ, Telegram, និង Facebook ជាដើម៕
ដោយ៖ទួន សុផល






