សម្តេចធិបតីនាយករដ្ឋមន្រ្តី អញ្ជើញជួបជាមួយប្រធានក្រុមហ៊ុនធំៗមួយចំនួននៅប្រទេសចិន
ភ្នំពេញ៖អញ្ជើញដល់ប្រទេសចិនភ្លាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបជាមួយប្រធានក្រុមហ៊ុនចិនមួយចំនួនបន្ទាប់ពីបានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញដល់ទីក្រុងប៉េកាំងនារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ។
តាមប្រភពបណ្ដាញសង្គមផ្លូវការបានឱ្យដឹងថា នៅរសៀលថ្ងៃទី១៥ ខែកក្កដា សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជួបលោក វ៉ាង ស៊ីឡី (Wang Shilei) ប្រធានក្រុមហ៊ុន CHINALCO (Aluminum Corporation of China) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ ក្រុមហ៊ុន CHINALCO ជាក្រុមហ៊ុនផលិតអាលុយមីញ៉ូមដ៏ធំមួយរបស់ប្រទេសចិន និងឈានមុខគេលើពិភពលោក ដែលធ្វើប្រតិបត្តិការគ្របដណ្តប់លើខ្សែច្រវាក់ផលិតកម្មលោហៈ រាប់ចាប់តាំងពីការរុករក ធ្វើអាជីវកម្មរ៉ែ និងការកែច្នៃផលិតផលសម្រេច រហូតដល់សេវាកម្មវិស្វកម្ម និងបច្ចេកទេស ។
តមកសម្ដេចធិបតីបានទទួលការសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក តៃ ហឺកិន(Dai Hegen) ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុនCRCC( China Railway Construction Corporation) ។ ក្រុមហ៊ុន CRCC គឺជាក្រុមហ៊ុនសំណង់ និងវិស្វកម្ម ដ៏ធំបំផុតមួយរបស់ប្រទេសចិន និងនៅលើពិភពលោក។ ធ្វើប្រតិបត្តិការអាជីវកម្ម គ្របដណ្តប់លើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ដូចជា សាងសង់ផ្លូវរថភ្លើងល្បឿនលឿន, ផ្លូវល្បឿនលឿន, ស្ពាន, ផ្លូវក្រោមដី, ប្រព័ន្ធរថភ្លើងក្រោមដី និងកំពង់ផែ។ ផ្តល់សេវាកម្មប្រឹក្សាយោបល់ និងរចនាប្លង់បច្ចេកវិទ្យាកម្រិតខ្ពស់ រួមទាំងការផលិតគ្រឿងចក្រធុនធ្ងន់សម្រាប់សាងសង់ ដូចជាម៉ាស៊ីនខួងផ្លូវក្រោមដីខ្នាតយក្សនិងបរិក្ខារផ្លូវរថភ្លើង។
គួរបញ្ជាក់ថា សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចាកចេញពីកម្ពុជាកាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីចូលរួមបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង និងចូលរួមក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្រប ខ័ណ្ឌ បញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់» នៅទីក្រុងសៀងហៃ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៦ ។
ក្នុងឱកាសស្នាក់នៅប្រទេសចិនសម្តេចធិបតីនឹងជួបសម្តែងការគួរសមចំពោះ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង និងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីចិន លី ឈាង។ ក្រៅពីការថ្លែងសុន្ទរកថានៅក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបតំណាងធុរជនចិនសំខាន់ៗជាច្រើនផងដែរ៕
ដោយ៖ស៊ូវណ្ណលុក















