កម្ពុជា-ចិន ប្ដេជ្ញាពង្រឹងមិត្តភាពដែកថែប និងពង្រីកកិច្ចសហប្រតិបត្តិការស៊ីជម្រៅ
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាទ្វេភាគីនៅទីក្រុងប៉េកាំង ប្រទេសចិននាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលកម្ពុជា និងចិន បានប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះឱ្យកាន់តែស៊ីជម្រៅ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន ក្នុងឱកាសដែលសម្តេចធិបតីអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅប្រទេសចិនពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។
នៅក្នុងជំនួបនោះ ឯកឧត្តម លី ឈាង បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរគឺជា «មិត្តដែកថែប» ដែលមានទំនាក់ទំនងជិតស្និទ្ធ និងមានការផ្លាស់ប្តូរទស្សនកិច្ចយ៉ាងសកម្មនៅគ្រប់កម្រិត។ ឯកឧត្តមបានបញ្ជាក់ច្បាស់ៗថា៖រដ្ឋាភិបាលចិនចាត់ទុកទំនាក់ទំនងជាមួយកម្ពុជា ជាអាទិភាពខ្ពស់បំផុតមួយនៃគោលនយោបាយការទូតរបស់ខ្លួន។
ពីកម្ពុជាវិញបាន សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី ក្នុងការរួមគ្នាខិតខំកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»។ សម្តេចធិបតី បានគូសបញ្ជាក់ជាថ្មីថាកម្ពុជានៅតែបន្តប្រកាន់ខ្ជាប់ឥតងាករេនូវ «គោលការណ៍ចិនមួយ»។ចាត់ទុកបញ្ហាតៃវ៉ាន់ ហុងកុង ស៊ីចាំង និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន។
ក្នុងឱកាសនេះដែរនាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នា ក្នុងការបន្តជំរុញ និងពង្រីកទិសដៅសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖នយោបាយ និងការទូត,សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់,ថាមពលបៃតង និងកសិកម្ម,
ការការពារជាតិ និងសន្តិសុខ,ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ជាពិសេសវិស័យទេសចរណ៍ និងការអប់រំ។
ក្រៅពីទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានជម្រាបជូនភាគីចិនអំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕
ដោយ៖ស៊ូវណ្ណលុក








