អណ្តូងទឹកស្វ័យប្រវត្តិរបស់គម្រោង រេដបូក ភ្នំសំកុស កំពុងផ្តល់ប្រយោជន៍ចម្រុះដល់ប្រជាសហគមន៍
តាមរយៈគម្រោងរ៉េដបូក អណ្តូងទឹកខ្នាតធំចំនួន២ ដែលដំណើរការដោយប្រព័ន្ធស្វ័យប្រវត្តិប្រើថាមពលព្រះអាទិត្យ ស្ថិតនៅភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កំពុងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋជាជាតិដើមភាគតិចនៅក្នុងសហគមន៍ជន។
អណ្តូងទឹកខ្នាតធំប្រើថាមពលព្រះអាទិត្យទាំងពីរនេះ ស្ថិតនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិអណ្តូងតាដេស នៃដែនជម្រកសត្វព្រៃភ្នំសំកុស ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ អណ្តូងនីមួយៗមានចំណុះ ១ម៉ឺនលីត្រ សាងសង់នៅឆ្នាំ២០២៣ និងឆ្នាំ២០២៥ ដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) សហការជាមួយក្រសួងបរិស្ថាន ក្នុងក្របខ័ណ្ឌគម្រោងរេដបូកភ្នំសំកុស (REDD+)។
លោក ទូច សុផានី ប្រធានកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា ប្រព័ន្ធបូមទឹកប្រើថាមពលព្រះអាទិត្យនេះ មិនត្រូវការប្រើប្រេងឥន្ធនៈ ឬអគ្គិសនីនោះទេ ដូច្នេះប្រជាពលរដ្ឋអាចប្រើប្រាស់ទឹកដោយមិនមានការចំណាយលើថ្លៃថាមពល។ គម្រោងនេះបានផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋជាង៦០គ្រួសារ ដែលភាគច្រើនជាជនជាតិដើមភាគតិចព័រ និងរស់នៅក្នុងតំបន់ដាច់ស្រយាល។
ប្រជាពលរដ្ឋនៅភូមិតាដេស បានសម្តែងក្តីរីករាយចំពោះអត្ថប្រយោជន៍នៃអណ្តូងទឹកនេះ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាសហគមន៍សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ហើយថែមទាំងអាចយកទៅស្រោចស្រពដំណាំជុំវិញផ្ទះ និងចិញ្ចឹមសត្វទៀតផង ដែលជួយកាត់បន្ថយការចំណាយលើការផ្គត់ផ្គង់ទឹកបានយ៉ាងច្រើន។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា អណ្តូងទឹកទាំងនេះមិនត្រឹមតែជួយផ្គត់ផ្គង់ទឹកស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ កាត់បន្ថយហានិភ័យសុខភាព ព្រមទាំងគាំទ្រការដាំដុះ និងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបន្ថែមថា ការប្រើប្រាស់ថាមពលស្អាតសម្រាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកនេះ ក៏ជួយឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងរួមចំណែកអនុវត្តយុទ្ធសាស្ត្រក្នុងការប្រែក្លាយសហគមន៍ឱ្យក្លាយជាសហគមន៍អព្យាក្រឹតកាបូននាពេលអនាគត។
សូមបញ្ជាក់ថា គម្រោង រេដបូក (REDD+) គឺជាយន្តការអន្តរជាតិមួយដែលមានគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈការកាត់បន្ថយការកាប់បំផ្លាញ និងការរិចរិលព្រៃឈើ។ នៅកម្ពុជា ថវិកាដែលទទួលបានពីការលក់ឥណទានកាបូន ត្រូវបានយកមកវិនិយោគលើសកម្មភាពការពារបរិស្ថាន និងគម្រោងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ដូចជាការសាងសង់អណ្តូងទឹកប្រើថាមពលព្រះអាទិត្យនេះជាដើម៕
ដោយ៖ម៉ាដេប៉ូ





