៦ខែដើមឆ្នាំនេះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង ១លានតោន ក្នុងទំហំទឹកប្រាក់ ១,៧៥ពាន់លានដុល្លារ
ការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ប្រទេសវៀតណាមបានកើនឡើងជិត៣០%នៅក្នុងឆមាសទី១ឆ្នាំ២០២៦នេះ ដោយទទួលបានចំណូលជាង ១ ៧៥០ លានដុល្លារ។
យោងតាមតួលេខក្រៅផ្លូវការ របស់សហគមន៍ស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ប្រទេសវៀតណាមប្រមាណ ១លាន ៣ម៉ឺន តោន គិតជាទឹកប្រាក់សរុបប្រមាណ ១ ៧៥១ លានដុល្លារអាមេរិក កើនឡើង ២៨,៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក អួន ស៊ីឡុត ប្រធានសហគមន៍ស្វាយចន្ទីកម្ពុជា បានប្រាប់ AMS ថា ឆ្នាំ២០២៦នេះ វិស័យស្វាយចន្ទីមិនត្រឹមតែទទួលបានតម្លៃល្អប៉ុណ្ណោះទេ ប៉ុន្តែបរិមាណនាំចេញទៅកាន់ប្រទេសវៀតណាមក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។
លោកបានបញ្ជាក់ថា កំណើននៃការនាំចេញនេះ គឺមួយផ្នែកដោយសារប្រទេសផលិតស្វាយចន្ទីធំៗនៅទ្វីបអាហ្វ្រិក បានបន្តរឹតបន្តឹង ឬផ្អាកការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ដើម្បីរក្សាទុកសម្រាប់ការកែច្នៃក្នុងស្រុក។ ប្រទេសទាំងនោះរួមមាន កូតឌីវ័រ បេណាំង និងហ្គាណា ជាដើម។
លោកបន្តថា ប្រសិនបើគោលនយោបាយនេះនៅតែបន្តក្នុងឆ្នាំ២០២៧ កម្ពុជានឹងមានឱកាសបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ប្រទេសវៀតណាមកាន់តែច្រើន ខណៈតម្រូវការវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មកែច្នៃនៅវៀតណាមនៅតែមានកម្រិតខ្ពស់។
លោក អួន ស៊ីឡុត បានបន្ថែមថា ការថយចុះនៃការផ្គត់ផ្គង់ពីបណ្តាប្រទេសអាហ្វ្រិក ក៏បានជួយជំរុញឱ្យតម្លៃគ្រាប់ស្វាយចន្ទីកម្ពុជាកើនឡើងផងដែរ។ បច្ចុប្បន្ន គ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃប្រមាណ ៨ ២០០រៀលក្នុងមួយគីឡូក្រាម គឺខ្ពស់ជាងឆ្នាំ២០២៥ ប្រមាណ ២០០រៀលក្នុងមួយគីឡូក្រាម។
ប្រធានសហគមន៍ស្វាយចន្ទីកម្ពុជា បានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ ផ្ទៃដីដាំដុះស្វាយចន្ទីនៅកម្ពុជា តាមទិន្នន័យក្រៅផ្លូវការ មានជិត ៨០ម៉ឺនហិកតា។
ជាមួយគ្នានេះ គ្រាប់ពូជស្វាយចន្ទី ដែលបានចុះបញ្ជី និងទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចំនួន ៤ពូជ រួមមាន M-23, M-10, IM-4 និង H-09 ដែលជាពូជមានទិន្នផល និងគុណភាពសមស្របសម្រាប់ការដាំដុះនៅកម្ពុជា៕
ដោយ៖ ម៉ាដេប៉ូ









