រដ្ឋមន្ត្រីក្រសួងរ៉ែ ចេញមុខបំភ្លឺសាធារណជនអំពីភាពចាំបាច់នៃការបូមខ្សាច់ស្ដារបាតទន្លេ
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានចេញមុខបកស្រាយយ៉ាងលម្អិត អំពីភាពចាំបាច់ផ្នែកបច្ចេកទេស និងយុទ្ធសាស្ត្រស្នូលនៃការបូមខ្សាច់ស្របច្បាប់ បន្ទាប់ពីមហាជន ពិសេសអ្នករស់នៅតាមដងទន្លេ នៅតែមានក្តីបារម្ភ និងតវ៉ាប្រឆាំងសកម្មភាពបូមខ្សាច់មួយចំនួន។
នៅក្នុងវីដេអូបកស្រាយមួយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ក្រៅពីការប្រមូលចំណូលពន្ធចូលថវិកាជាតិ ការបូបខ្សាច់ស្ដារបាតទន្លេនៅចំកណ្ដាល ឬជើងកោះ គឺជាកាតព្វកិច្ចដាច់ខាត ដើម្បីតម្រង់ចរន្តទឹក ការពារការបាក់ច្រាំង បើកផ្លូវនាវាចរណ៍គាំទ្រព្រែកជីកហ្វូណនតេជោ និងធានាសន្តិសុខថាមពលអគ្គិសនីរបស់កម្ពុជា។
ការពន្យល់របស់ឯកឧត្តមធ្វើឡើង បន្ទាប់ពីសាធារណជនជាច្រើនយល់ឃើញថា ការបូមខ្សាច់គឺជាប្រភពមួយនៃការបាក់ច្រាំងទន្លេ ហើយបានប្រឆាំងនឹងគម្រោងនេះ រហូតមានការប៉ះទង្គិចគ្នានៅកន្លែងខ្លះទៀតផង។
ឯកឧត្តម កែវ រតនៈ បានគូសបញ្ជាក់ទៀតថា រាល់ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ គឺជាស្មារតីស្នេហាជាតិ និងចង់ឃើញការអភិវឌ្ឍមួយប្រកបដោយចីរភាព។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានសង្កត់ធ្ងន់ថា គោលការណ៍ច្បាប់ដាច់ខាត គឺហាមបូមខ្សាច់នៅកៀនច្រាំងទន្លេ ប៉ុន្តែត្រូវស្ដារនៅចំកណ្ដាលទន្លេ ឬជើងកោះ ដើម្បីតម្រង់ចរន្តទឹក និងបម្រើឱ្យផលប្រយោជន៍ជាតិ។
យោងតាមឯកឧត្តម កែវ រតនៈ គោលដៅចម្បងបំផុតនៃការស្ដារបាតទន្លេមេគង្គ និងទន្លេសាប គឺដើម្បីធានាជម្រៅទឹកសម្រាប់សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹក ដែលជាជម្រើសដកដង្ហើមសេដ្ឋកិច្ចមានតម្លៃថោកជាងផ្លូវគោក និងផ្លូវអាកាស។ នៅពេល «ព្រែកជីកហ្វូណនតេជោ» ដាក់ឱ្យដំណើរការ នាវាដឹកជញ្ជូនធុនធ្ងន់ចំណុះ ៥ ០០០ ទៅ ៦ ០០០ តោន ត្រូវការជម្រៅទឹកយ៉ាងតិច ៨ ម៉ែត្រក្នុងរដូវប្រាំង។
បច្ចុប្បន្ន ស្ថានភាពបាតទន្លេកម្ពុជាកំពុងរាក់ ដែលទាមទារឱ្យមានការកាយដីល្បាប់ និងខ្សាច់ចេញ ដើម្បីបើកផ្លូវឱ្យកប៉ាល់ទំនិញ និងកប៉ាល់ទេសចរណ៍ខ្នាតធំ អាចបើកបររហូតដល់ទន្លេសាប និងខេត្តកំពង់ឆ្នាំង ដើម្បីជួយជំរុញការនាំចេញកសិផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។
ឯកឧត្តម រដ្ឋមន្រ្តីបានបកស្រាយថា ការមិនស្ដារបាតទន្លេអាចបង្កជាមហន្តរាយដល់ច្រាំងទន្លេ។ នៅពេលដីដុះនៅជើងកោះ ឬចុងកោះ លូតចូលកណ្ដាលទន្លេខ្លាំងពេក វានឹងរុញច្រានចរន្តទឹកឱ្យបុកទៅរកច្រាំង បង្កជាហានិភ័យបាក់ស្រុតលំនៅដ្ឋាន និងផ្លូវថ្នល់។ ជាក់ស្ដែង បើគ្មានការបូមខ្សាច់តម្រង់ចរន្តទឹកនៅម្តុំសណ្ឋាគារសុខាទេ ដីខ្សាច់នឹងដុះរហូតដល់មុខព្រះបរមរាជវាំង ហើយចរន្តទឹកនឹងបង្វែរទៅបុកដាច់ច្រាំងខាងតំបន់ផ្សារចាស់ ដែលអាចប៉ះពាល់ផ្ទាល់ដល់ព្រះបរមរាជវាំង។ ដោយឡែក នៅតាមបណ្តាខេត្តដូចជា ស្ទឹងពោធិ៍សាត់ ការជីកស្ដារដីខ្សាច់នៅចំបាតស្ទឹងភាគកណ្តាល ជួយឱ្យដងស្ទឹងមានសមត្ថភាពផ្ទុកទឹកភ្លៀងធ្លាក់ពីភ្នំក្រវាញបានច្រើន កាត់បន្ថយការជន់លិចទីរួមខេត្ត មន្ទីរពេទ្យ និងសាលារៀន។
រដ្ឋមន្រ្តីក្រសួងរ៉ែពន្យល់ថា ចំពោះខ្សាច់ដែលបូមបានត្រូវយកទៅផ្គត់ផ្គង់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋាននៅក្នុងស្រុក។ ប្រសិនបើបិទការបូមខ្សាច់នៅតំបន់ជិតៗ ដូចជាទន្លេមេគង្គ នោះតម្រូវការខ្សាច់នៅរាជធានីភ្នំពេញ ត្រូវបង្ខំចិត្តដឹកជញ្ជូនមកពីប្រភពឆ្ងាយៗដូចជា ខ្សាច់ពីខេត្តពោធិ៍សាត់ ឬនាំចូលពីបរទេស។ កត្តានេះ នឹងធ្វើឱ្យតម្លៃខ្សាច់ និងតម្លៃសំណង់ហក់ឡើងកប់ពពក បង្កការលំបាកដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយក្នុងការសាងសង់ផ្ទះសម្បែង។
ម៉្យាងទៀត ដងទន្លេមេគង្គ និងទន្លេសាបនៅសេសសល់កប៉ាល់លិច និងគ្រាប់មិនទាន់ផ្ទុះជាច្រើន ដែលជាកាកសំណល់បន្សល់ទុកពីសម័យសង្គ្រាមក្នុងទសវត្សរ៍ឆ្នាំ ៧០។ ក្រសួងបានសហការជាមួយអង្គភាពស៊ីម៉ាក់ ដើម្បីបូមខ្សាច់រាវរក និងបោសសម្អាតគ្រាប់ទាំងនោះ ដើម្បីធានាសុវត្ថិភាពខ្ពស់ដល់នាវាចរជាតិ និងអន្តរជាតិ។ ក្រៅពីការបោសសម្អាត អាជីវកម្មបូមខ្សាច់ស្របច្បាប់នេះ បានផ្តល់ចំណូលជាសួយសារអាករ ពន្ធដារ និងពន្ធគយយ៉ាងច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងថវិកាជាតិផងដែរ។
ក្រសួងរ៉ែ និងថាមពល បានប្តេជ្ញាក្នុងការរឹតបន្តឹងបទដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រ និងការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីធានាបាននូវតម្លាភាព និងលុបបំបាត់ក្តីបារម្ភរបស់ប្រជាពលរដ្ឋ៕ ទួន សុផល





