អ៊ីរ៉ង់ សន្យាសងសឹកវិញ ក្រោយ អាមេរិក វាយប្រហាររោងចក្រនុយក្លេអ៊ែរខ្លួន
តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានប្តេជ្ញានឹងចាត់វិធានការសងសឹកឱ្យសាកសម ដើម្បីឆ្លើយតបការវាយប្រហាររបស់សហរដ្ឋអាមេរិក លើរោងចក្រថាមពលនុយក្លេអ៊ែរមួយកន្លែង ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍនៅក្នុងខេត្ត Khuzestan ភាគនិរតីនៃប្រទេស ។
អនុរដ្ឋមន្ត្រីការបរទេស លោក Kazem Gharibabadi បានបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃ អាទិត្យ ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរោងចក្រថាមពលនុយក្លេអ៊ែរ Darkhovin ដែលកំពុងស្ថិតក្រោមការសាងសង់នៅឡើយ គឺជាការវាយប្រហារដ៏គ្រោះថ្នាក់មួយ លើហេដ្ឋារចនាសម្ព័ន្ធសន្តិភាពរបស់អ៊ីរ៉ង់ ។
លោក Gharibabadi បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកត្រូវតែទទួលខុសត្រូវទាំងស្រុង ចំពោះផលវិបាកពីការកើនឡើងសកមម្មភាពបង្កអសន្តិសុខ និងអស្ថិរភាពទាំងនេះ ។
ជាមួយគ្នានោះ អនុប្រមុខការទូតកំពូលអ៊ីរ៉ង់រូបនេះ បានបញ្ជាក់ថា ទីក្រុងតេហេរ៉ង់ប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះការឈ្លានពាននេះ ហើយប្តេជ្ញានឹងចាត់វិធានការសងសឹកឱ្យសាកសម ដើម្បីការពារផលប្រយោជន៍ជាតិ និងសន្តិសុខរបស់អ៊ីរ៉ង់ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

