អ៊ីស្រាអែល គំរាមជាថ្មី នឹងសងសឹកយ៉ាងចាស់ដៃ ឱ្យតែ អ៊ីរ៉ង់ ហ៊ានវាយប្រហារមុន
ហ៊្សេរុយសាឡឹម ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz នៅថ្ងៃ អាទិត្យ បានបោះសម្តីគំរាមសាជាថ្មីថា ការសងសឹកយ៉ាងចាស់ដៃមិនធ្លាប់មាន នឹងកើតឡើងភ្លាមៗ ប្រសិនបើអ៊ីរ៉ង់ហ៊ានវាយប្រហារមុនលើអ៊ីស្រាអែល ។
លោក Katz បានអះអាងនៅពេលចុះទស្សនកិច្ច ZAKA ដែលជាអង្គភាពសង្គ្រោះបន្ទាន់មួយក្នុងទីក្រុង Tel Aviv ថា ប្រសិនបើអ៊ីរ៉ង់ហ៊ានវាយប្រហារលើអ៊ីស្រាអែលមុន នោះយើងនឹងសងសឹកវិញយ៉ាងចាស់ដៃ ដោយមិនខ្វល់ពីផលប៉ះពាល់អ្វីទាំងអស់ ហើយក៏គ្មានលក្ខខណ្ឌអ្វីទាំងអស់ដែរ ។
ប្រមុខការពារជាតិចាស់វស្សាអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា រឿងដំបូង ដែលអ៊ីស្រាអែលនឹងវាយបកអ៊ីរ៉ង់ នោះគឺការតម្រង់គោលដៅវាយប្រហារកម្ទេចប្រព័ន្ធបាញ់មីស៊ីលរបស់អ៊ីរ៉ង់ ។
ការព្រមានទុកមុនរបស់លោក Katz ត្រូវបានធ្វើឡើងបន្ទាប់ពីហ៊្សកដានី ដែលជាប្រទេសមានភូមិផងរបងជាប់ប្រទេសអ៊ីស្រាអែល បានរងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ខណៈមានការព្រួយបារម្ភថា បំណែកមីស៊ីលទាំងនោះ អាចនឹងធ្លាក់ចូលទឹកដីរបស់អ៊ីស្រាអែល ។
បើតាម Anadolu, កងទ័ពហ្ស៊កដានីបានរាយការណ៍កាលពីព្រឹកថ្ងៃ អាទិត្យ ថា ពួកគេបានស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់ចំនួន ៣ គ្រាប់ ក្នុងចំណោម ៤ គ្រាប់ ដែលបានបាញ់សំដៅមកកាន់ប្រទេសខ្លួន ។
រីឯគ្រាប់ទី ៤ បានធ្លាក់នៅក្នុងតំបន់ដាច់ស្រយាលមួយ ស្ថិតនៅភាគខាងត្បូងប្រទេសហ្ស៊កដានី ប៉ុន្តែសំណាងល្អ វាមិនបានបង្កឱ្យមានអ្នករងរបួស ឬការខូចខាតអ្វីឡើយ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

