ក្រសួងធនធានទឹកត្រៀមម៉ាស៊ីនបូមទឹកជាង ៥០០ គ្រឿងសម្រាប់អន្តរាគមន៍គ្រោះរាំងស្ងួត
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានត្រៀមរួចជាស្រេចនូវម៉ាស៊ីនបូមទឹកជាង ៥០០ គ្រឿង សម្រាប់ការអន្តរាគមន៍ជួយសង្គ្រោះតំបន់ប្រឈមនឹងការខ្វះខាតទឹក ដោយសារឥទ្ធិពលបាតុភូត អែល នីញូ(El Niño )ដែលកំពុងធ្វើឱ្យកម្ពុជាឡើងកម្ដៅខ្លាំង និងអូសបន្លាយពេលយូរជាងធម្មតា។
ដោយមានកិច្ចសហការជាមួយអង្គការឧតុនិយមពិភពលោក (WMO),ក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំផែនការបម្រុងទុករួចជាស្រេច ដើម្បីអន្តរាគមន៍សង្គ្រោះតំបន់ដែលប្រឈមនឹងការខ្វះខាតទឹក ឆ្លើយតបទៅនឹងការប្រែប្រួលធាតុអាកាស និងគ្រោះរាំងស្ងួតដែលបង្កឡើងដោយបាតុភូត អែល នីញូ (El Niño)។
ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់កាលពីចុងសប្តាហ៍ថា តាមការស្រាវជ្រាវរបស់ក្រុមការងារបច្ចេកទេស ឥទ្ធិពល El Niño ឆ្នាំនេះបានធ្វើឱ្យសីតុណ្ហភាពនៅកម្ពុជាកើនឡើងរហូតដល់ ២ អង្សាសេ លើសពីកម្រិតធម្មតាប្រចាំឆ្នាំ ហើយរលកកម្ដៅនេះនឹងអូសបន្លាយពេលយូរជាងរាល់ឆ្នាំគឺចាប់ពី ១ ខែ ទៅ ១ ខែកន្លះ។
ក្រសួងបានត្រៀមលក្ខណៈរួចជាស្រេចនូវម៉ាស៊ីនបូមទឹកថ្នាក់ក្រសួងចំនួន ១១៥ គ្រឿង ដើម្បីឆ្លើយតបបញ្ញាចំពោះមុខ និងការពារហានិភ័យនូវនានា។បន្ថែមពីនេះ ក៏មានម៉ាស៊ីនបូមទឹកតាមបណ្តាខេត្តចំនួនជាង ៤០០ គ្រឿងផ្សេងទៀត ដែលត្រូវបានជួសជុល និងរៀបចំរួចរាល់ សម្រាប់ចេញអន្តរាគមន៍ភ្លាមៗផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីរដ្ឋមន្រ្តី ក៏បានណែនាំ និងស្នើសុំកិច្ចសហការពីអាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់ ចូលរួមសន្សំសំចៃទឹកឱ្យបានខ្ពស់បំផុត ដោយសារឥទ្ធិពល El Niño មានរយៈពេលយូរ ដែលអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹក ការដាំដុះកសិកម្ម សុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃ។
ឯកឧត្តមបញ្ជាក់ថា ឥទ្ធិពលនេះគឺវែងអន្លាយជាងប្រក្រតី ដែលធ្វើឱ្យប៉ះពាល់ទៅដល់ការខ្វះខាតទឹក ប៉ះពាល់ទៅដល់ដំណាំកសិកម្ម ធ្វើឱ្យមានបញ្ហាដល់សុខភាព មានបញ្ហាទៅដល់សង្គមទាំងមូល។
លើសពីនេះទៀត ក្រសួងធនធានទឹក ជំរុញឱ្យពលរដ្ឋតាមដានសារ SMS ប្រកាសអាសន្នរបស់ក្រសួង ដែលនឹងផ្ញើសារតាមទូរសព្ទដៃទៅកាន់ប្រជាពលរដ្ឋរស់នៅតំបន់ដែលមានហានិភ័យខ្ពស់ និងដំឡើង App របស់ក្រសួងលើកម្មវិធីទូរសព្ទដើម្បីតាមដានការព្យាករធាតុអាកាស កម្ពស់ទឹក ល្បឿនខ្យល់ សីតុណ្ហភាព និងព័ត៌មានបច្ចុប្បន្នភាពផ្សេងៗ។
សូមបញ្ជាក់ថា ឥទ្ធិពល El Niño បណ្ដាលឱ្យធាតុអាកាសប្រែប្រួលខុសប្រក្រតី ដោយតំបន់ខ្លះជន់លិច ហើយតំបន់ខ្លះទៀតរាំងស្ងួត។ ឯកឧត្តមរដ្ឋមន្ត្រីធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យយោគយល់ចំពោះការលំបាកនេះ និងចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីដោះស្រាយបញ្ហានេះ៕
ដោយ៖ទួន សុផល






