រុស្ស៊ី ថ្កោលទោសកិច្ចសហការផលិតយន្តហោះដ្រូនរវាង ជប៉ុន-អ៊ុយក្រែន
មូស្គូ ៖ ប្រទេសរុស្ស៊ីបានប្រកាសថ្កោលទោសកិច្ចសហប្រតិបត្តិការផលិតយន្តហោះគ្មានមនុស្សបើក ឬដ្រូន រវាងជប៉ុន និងអ៊ុយក្រែន ដោយហៅកិច្ចសហការនេះថា ការជួយជ្រោមជ្រែងសម្លាប់ជីវិតប្រជាជនរុស្ស៊ី ។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Tass កាលពីថ្ងៃ សៅរ៍ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Andrey Rudenko បានចោទប្រកាន់ប្រទេសជប៉ុន ថាបានជួយជ្រោមជ្រែងរបបទីក្រុងកៀវ ក្នុងការសម្លាប់ប្រជាជនរុស្ស៊ី តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមអ្នកអភិវឌ្ឍន៍ដ្រូនរបស់អ៊ុយក្រែន ។
លោក Rudenko បានសង្កត់ធ្ងន់ថា អ៊ុយក្រែនកំពុងធ្វើសកម្មភាពភេរវកម្មជាប្រព័ន្ធ ដើម្បីប្រឆាំងនឹងគោលដៅជនស៊ីវិលនៅក្នុងទឹកដីរុស្ស៊ី ហើយកិច្ចសហប្រតិបត្តិការរវាងជប៉ុន-អ៊ុយក្រែន ត្រូវបានចាត់ទុកថា ជាទង្វើអរិភាពដោយបើកចំហ ។
លោក Rudenko ដែលមានវ័យ៦៣ឆ្នាំរូបនេះ បានអះអាងថា ដ្រូនរបស់អ៊ុយក្រែនកំពុងសម្លាប់ប្រជាពលរដ្ឋរុស្ស៊ី ហើយជប៉ុនក៏កំពុងជួយពួកគេឱ្យធ្វើបែបនោះផងដែរ ។
អនុប្រមុខការទូតចាស់វស្សារុស្ស៊ីរូបនេះ បានគូសបញ្ជាក់ថា ការចូលរួមកាន់តែខ្លាំងឡើងរបស់ទីក្រុងតូក្យូ នៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងធ្វើឱ្យទំនាក់ទំនងរវាងរុស្ស៊ី-ជប៉ុន ដែលកំពុងមានភាពតានតឹងស្រាប់នោះ កាន់តែទ្រុឌទ្រោមថែមទៀត ។
ជាមួយគ្នានេះ លោក Rudenko ថែមទាំងបានព្រមានធ្ងន់ៗផងដែរថា គោលនយោបាយរបស់ជប៉ុន ក្នុងការគាំទ្រដល់អ៊ុយក្រែន អាចនឹងមានផលប៉ះពាល់យូរអង្វែងដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
