តម្លៃប្រេងបានកើនឡើងខ្លាំង ក្រោយអាមេរិកវាយប្រហារលើអ៊ីរ៉ង់ ៩ថ្ងៃជាប់គ្នា

បរទេស ៖ នៅថ្ងៃចន្ទនេះ តម្លៃប្រេងបានកើនឡើងខ្លាំង ក្រោយការវាយប្រហាររបស់អាមេរិកទៅលើអ៊ីរ៉ង់ ៩ថ្ងៃ ជាប់ៗគ្នា និង ហេតុការណ៍ឆេះនាវា នៅច្រកសមុទ្រហ័រមូស។ តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ២,៧២% ពោលគឺដល់ ៩០,៥០ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល។ រីឯ តម្លៃប្រេងអាមេរិកប្រភេទ West Texas Intermediate ហៅកាត់ WTI បានកើនឡើង ២,៣៩% ពោលគឺដល់ ៨៤,៤៦ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល។

បើតាម CNA, ការកើនឡើងនៃតម្លៃនេះ ឆ្លុះបញ្ចាំងពីការព្រួយបារម្ភ កាន់តែខ្លាំងឡើងថា ការផ្ទុះឡើងវិញនៃការប្រយុទ្ធគ្នានៅមជ្ឈិមបូព៌ា អាចរំខានដល់ការដឹកជញ្ជូនប្រេង ឆ្លងកាត់តាមច្រកសមុទ្រនេះ ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់ សម្រាប់ថាមពលពិភពលោក។

ទីភ្នាក់ងារសន្តិសុខដែនសមុទ្ររបស់ចក្រភពអង់គ្លេស ហៅកាត់ UKMTO បានឱ្យដឹងថា មាននាវាមួយគ្រឿងបានឆេះ នៅក្នុងច្រកសមុទ្រហ័រមូស នៅថ្ងៃចន្ទនេះ នៅក្នុងដែនទឹកដែលមានចម្ងាយប្រហែល ១៥ គីឡូម៉ែត្រ ភាគពាយព្យនៃប្រទេសអូម៉ង់។ ទីភ្នាក់ងារនេះមិនបានបញ្ជាក់ពីមូលហេតុនៃការឆេះនោះទេ។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មាន កាលពីល្ងាចថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកកំពុងវាយប្រហារលើអ៊ីរ៉ង់យ៉ាងខ្លាំងក្លា ដើម្បីសងសឹកចំពោះការស្លាប់របស់ទាហានអាមេរិកថ្មីៗនេះ នៅមជ្ឈិមបូព៌ា។

ដោយឡែក យោធារបស់ប្រទេសកូវ៉ែតបាននិយាយ នៅថ្ងៃចន្ទនេះដែរថា ខ្លួនកំពុងឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដែលបានកំណត់គោលដៅ មកលើទឹកដីរបស់ខ្លួន៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner