ក្រសួងព័ត៌មានគាំទ្រកិច្ចសហការជាមួយអាជ្ញាធរខេត្តសៀមរាបក្នុងការពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋានលើការគ្រប់គ្រងព័ត៌មាន
ភ្នំពេញ៖ នៅខេត្តសៀមរាបកាលពីចុងសប្ដាហ៍នេះ មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងសហការ រវាងមន្ទីរព័ត៌មាន និងអាជ្ញាធរខេត្តសៀមរាប ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាពដល់មន្ត្រីរាជការថ្នាក់ក្រុង ស្រុក ឃុំ និងសង្កាត់ អំពីមូលដ្ឋានគ្រឹះនៃវិស័យព័ត៌មាន និងការគ្រប់គ្រងព័ត៌មាននៅតាមមូលដ្ឋាន។
ក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ» នៅមន្ទីរព័ត៌មានខេត្ត ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានចាត់ទុកកិច្ចសហការនេះជាជំហានថ្មីមួយក្នុងការចងក្រងបណ្តាញព័ត៌មានមូលដ្ឋានដើម្បីធានាការតភ្ជាប់រវាង ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ការណ៍នេះ នឹងជួយដោះស្រាយបញ្ហាបានទាន់ពេលវេលា និងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិត ដែលអាចប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ វិស័យទេសចរណ៍ និងការអភិវឌ្ឍក្នុងសហគមន៍។
ដើម្បីរៀបចំកិច្ចការនេះឱ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តមអ្នកនាំពាក្យបានទទួលការអញ្ជើញធ្វើជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលខាងលើ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅពេលខាងមុខ។
ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យមន្ទីរព័ត៌មានខេត្តធ្វើជា «ស្ពានសម្របសម្រួល» រវាងអាជ្ញាធរ និងអ្នកសារព័ត៌មាន ដែលចុះយកព័ត៌មាន ឬធ្វើបទសម្ភាសន៍ក្នុងមូលដ្ឋាន។ ក្នុងយុគសម័យឌីជីថល ឯកឧត្តមក៏បានសង្កត់ធ្ងន់ឱ្យមន្ត្រី និងអ្នកសារព័ត៌មានទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់មុននឹងផ្សព្វផ្សាយ។ បន្ថែមពីនេះ ការបង្កើតមាតិកាវិជ្ជមាន និងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ត្រូវតែធ្វើឡើងឱ្យបានសកម្មលើបណ្តាញសង្គមផ្លូវការ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ក្នុងកិច្ចប្រជុំនេះដែរ លោក ញឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ទទួលបន្ទុករួមបានបញ្ជាក់នូវការទទួលយកអនុសាសន៍ទាំងនេះ ទៅអនុវត្ត ដើម្បីពង្រឹងកិច្ចការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសគឺការ «ទប់ស្កាត់ និងបន្សាបរាល់ព័ត៌មានក្លែងក្លាយ» ឱ្យបានទាន់ពេលវេលា៕
ដោយ៖ង៉ាន ទិត្យ
រូបភាព៖ក្រសួងព័ត៌មាន






