ក្រសួងព័ត៌មាន ជំរុញឱ្យមន្ត្រីខេត្តប៉ៃលិនពង្រឹងការងារសាធារណមតិ និងផ្សព្វផ្សាយសក្តានុពលខេត្ត
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មានបានក្រើនរំលឹកដល់មន្ត្រីនៃមន្ទីរព័ត៌មាន ខេត្តប៉ៃលិនមិនត្រូវមើលស្រាលឬធ្វេសប្រហែសដាច់ខាតលើកិច្ចការសាធារណមតិ ព្រោះព័ត៌មានក្លែងក្លាយនិងការបំពុលសង្គមអាចកើតឡើង គ្រប់វិនាទី។
ការជំរុញ និងក្រើនរំលឹកនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ» កាលពីចុងសប្ដាហ៍កន្លងទៅ នេះដោយមានការចូលរួមពីឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារចុះជួយខេត្តព្រមទាំងមន្ត្រីរាជការនៃមន្ទីរព័ត៌មាន ខេត្តជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យ និងជាតំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទាញអារម្មណ៍មន្រ្តីចូលរួមថា ការគ្រប់គ្រងសភាពការណ៍បានលឿន គឺផ្តើមចេញពីការដឹងមុន និងការត្រៀមលក្ខណៈជាស្រេច។ ឯកឧត្តមបានលើកទឹកចិត្តឱ្យមន្ត្រីធ្វើការងារតាមបែបបុរេសកម្ម ដោយបង្កើនការផ្សព្វផ្សាយព័ត៌មានពិតជុំវិញការរីកចម្រើននិងសក្តានុពល ទេសចរណ៍របស់ខេត្ត តាមបណ្តាញសង្គមផ្លូវការឱ្យកាន់តែសកម្ម។
ទន្ទឹមនឹងនេះ ឯកឧត្តមបានណែនាំឱ្យពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលាព្រោះការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយពីអាជ្ញាធរមិនត្រឹមតែជួយសម្រួលដល់ការងារអ្នកសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្ការការចុះផ្សាយខុស ដែលអាចឈានទៅដល់ការប្រឈមមុខផ្លូវច្បាប់ទៀតផង។
បន្ថែមលើសពីនេះ ឯកឧត្តម ជា លីសែ ក៏បានជំរុញឱ្យមន្ទីរព័ត៌មានខេត្តបង្កើនការផលិតមាតិកាឱ្យកាន់តែផុសផុលជាពិសេសការផលិត វីដេអូទាក់ទងនឹងវិស័យទេសចរណ៍ រឿងរ៉ាវប្រវត្តិសាស្ត្រ និងអក្សរសិល្ប៍នានា ដើម្បីលើកកម្ពស់មុខមាត់ខេត្តឱ្យកាន់តែទូលំទូលាយ។
ក្នុងឱកាសនេះដែរ លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានបញ្ជាក់នូវការទទួលយកនូវរាល់អនុសាសន៍របស់ថ្នាក់ដឹកនាំដោយជឿ ជាក់ថាការតម្រង់ទិសនេះនឹងជួយពង្រឹងសមត្ថភាពមន្ត្រីក្នុងការឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងបានកាន់តែលឿននិងមានប្រសិទ្ធភាព ខ្ពស់៕
ដោយ៖ង៉ាន ទិត្យ
រូបថតៈក្រសួងព័ត៌មាន





