លោក ត្រាំ បញ្ជាឱ្យយកពន្ធថ្មីក្នុងអត្រា ៥០% លើទំនិញកាណាដា ច្រើនមុខ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើបទបញ្ជា ដើម្បីដាក់ពន្ធថ្មីក្នុងអត្រា ៥០ ភាគរយ លើទំនិញកាណាដាជាច្រើនមុខ ដោយអះអាងថា មាន «ការអនុវត្តបែបរើសអើង» ពីសំណាក់រដ្ឋាភិបាលទីក្រុងអូតាវ៉ា មកលើផលិតផលគ្រឿងស្រវឹង, រថយន្ត និងផលិតផលទឹកដោះគោ របស់អាមេរិក។
យោងតាមឯកសារព័ត៌មានរបស់សេតវិមាន, ពន្ធទាំងនេះនឹងចូលជាធរមាន ក្នុងរយៈពេល ៣០ ថ្ងៃ ហើយនឹងគ្របដណ្តប់លើទំនិញជាច្រើនប្រភេទ រួមមាន ស្រា, ឈើវាយកីឡាហុកគី ឬ hockey sticks និង ស៊ីម៉ងត៍។
ជាការកត់សម្គាល់ លោក Trump ដែលធ្លាប់ត្រូវបានតុលាការកំពូល លុបចោលការសម្រេចចិត្តដាក់ពន្ធជាច្រើន កាលពីដើមឆ្នាំនេះ បានជ្រើសរើសយកបទប្បញ្ញត្តិច្បាប់មួយ ដែលមិនធ្លាប់ត្រូវបានប្រើប្រាស់ ពីមុនមក ដើម្បីអនុវត្តពន្ធថ្មីនេះ នោះគឺមាត្រាទី ៣៣៨ នៃច្បាប់ស្តីពីពន្ធគយឆ្នាំ ១៩៣០ ឬ Tariff Act of 1930។
សកម្មភាពចុងក្រោយរបស់លោក ទំនងជានឹងធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអូតាវ៉ា កាន់តែតានតឹងថែមទៀត ហើយវាកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ ប្រកាសគំរាមកាណាដាថា នឹងដំឡើងពន្ធ ដោយសារតែបញ្ហាផ្សែងពីភ្លើងឆេះព្រៃ ដែលបានហោះចូលមកក្នុងទឹកដីសហរដ្ឋអាមេរិក។
លោក Trump បានដាក់ពន្ធយ៉ាងទូលំទូលាយ លើដៃគូពាណិជ្ជកម្មរបស់អាមេរិក ចាប់តាំងពីត្រឡប់មកកាន់តំណែងប្រធានាធិបតី កាលពីឆ្នាំមុន ប៉ុន្តែ បទបញ្ជាទាំងនោះ ជាទូទៅ បានលើកលែង ចំពោះទំនិញដែលនាំចូលមក ក្នុងប្រទេសរបស់លោក ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
