ធនាគារជាតិនៃកម្ពុជា រៀបចំវេទិកាទីផ្សារហិរញ្ញវត្ថុសកល ដើម្បីពង្រឹងសមត្ថភាពអ្នកដឹកនាំវិស័យហិរញ្ញវត្ថុក្នុងស្រុក
ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជាបានរៀបចំ «វេទិកាទីផ្សារហិរញ្ញវត្ថុសកល» ក្រោមប្រធានបទ «ដំណើរឆ្លងកាត់ភាពចលាចល នៃទីផ្សារ៖ ការវាយតម្លៃហានិភ័យឡើងវិញ និងកាលានុវត្តភាពវិនិយោគ» ដើម្បីផ្តល់ជូនអ្នកដឹកនាំវិស័យហិរញ្ញវត្ថុនៅកម្ពុជា នូវទស្សនៈ និងការវិភាគស៊ីជម្រៅអំពីការវិវត្តនៃទីផ្សារអន្តរជាតិ។
វេទិកានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នៅរាជធានីភ្នំពេញ។កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងចែករំលែកព័ត៌មានពីស្ថានភាពសេដ្ឋកិច្ចសកល បញ្ហាប្រឈម និងយុទ្ធសាស្ត្រវិនិយោគ ពីសំណាក់អ្នកជំនាញហិរញ្ញវត្ថុឈានមុខ សម្រាប់ជាទុនដល់អ្នកដឹកនាំហិរញ្ញវត្ថុនៅកម្ពុជា ក្នុងការធ្វើសេចក្តីសម្រេចចិត្តឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងនោះក៏មានការចូលរួមធ្វើបទឧទ្ទេសនាម និងពិភាក្សាពីវាគ្មិននៃធនាគារជាតិនៃកម្ពុជាព្រមទាំងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មពិភពលោកធំៗ ជាច្រើនរួមមាន BNP Paribas Asset Management, J.P. Morgan Asset Management និង BNY Investments ។
អង្គវេទិកាបានផ្តោតសំខាន់លើការវាយតម្លៃហានិភ័យនៃភាពតានតឹងភូមិសាស្ត្រនយោបាយ អតិផរណា និងការប្រែប្រួលគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ។ ទន្ទឹមគ្នានេះ ក៏បានពិភាក្សាលើឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ និន្នាការវិនិយោគចីរភាព និងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ។
ខណៈដែលស្ថានភាព និងការវិវត្តនៅលើសកលលោក មានឥទ្ធិពលលើស្ថានភាពហិរញ្ញវត្ថុរបស់កម្ពុជាផងដែរ ការតាមដាន និងយល់ដឹងអំពីការវិវត្តទាំងនេះ នឹងជួយឱ្យអ្នកចូលរួម ទទួលបានការវិភាគស៊ីជម្រៅ ដើម្បីធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុរបស់ស្ថាប័ន ឱ្យកាន់តែមានប្រសិទ្ធភាព ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត



