សម្ដេចតេជោ ហ៊ុន សែន រំពឹងថា អ្នកវិនិយោគអាមេរិកនឹងមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ខណៈពាណិជ្ជកម្មទ្វេភាគីកើនឡើងខ្លាំង
ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា អ្នកវិនិយោគទុនរបស់អាម៉េរិកនឹងចូលមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត ខណៈដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កំពុងមានកំណើនយ៉ាងល្អប្រសើរ។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ដឹកនាំគណៈប្រតិភូតំណាងក្រុមហ៊ុនធំៗរបស់អាមេរិក ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាព កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មានក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូធុរជនអាម៉េរិក និងបានគូសបញ្ជាក់ថា «ពាណិជ្ជកម្ម និងការវិនិយោគ គឺជាចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក»។ សម្ដេចតេជោបានកត់សម្គាល់ថា បច្ចុប្បន្ន ក្រុមហ៊ុនអាម៉េរិកបានវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា ដូចជា រថយន្ត សុខមាលភាព ការអប់រំ និងបច្ចេកវិទ្យា-នវានុវត្តន៍ ហើយថ្វីបើកម្ពុជាមានប្រជាជនតិច ប៉ុន្តែមានកម្លាំងទិញធំក្នុងតំបន់។សម្ដេចសង្ឃឹមថា វិនិយោគិនអាម៉ររិក នឹងមករកស៊ីនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន។
នៅក្នុងជំនួបនោះ លោក Brian D. McFeeters បានលើកឡើងថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលមានសមាជិកជាង ១៨០ ក្រុមហ៊ុន មានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគនៅតំបន់អាស៊ាន ជាពិសេសនៅកម្ពុជា។ លោកបានបន្ថែមថា ទំនាក់ទំនងរវាងកម្ពុជា និងអាម៉េរិកកំពុងដំណើរការយ៉ាងល្អ ហើយវិស័យឯកជនអាម៉េរិកចង់ចូលរួមចំណែកពង្រឹងទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ តាមរយៈការស្វែងរកឱកាស និងពង្រីកការវិនិយោគបន្ថែម។
គួរបញ្ជាក់ថា ក្រុមហ៊ុនយក្សរបស់អាម៉េរិកដែលបានចូលរួមក្នុងជំនួបនោះ រួមមាន ក្រុមហ៊ុន Ford, SC Johnson, Coca-Cola ព្រមទាំងដៃគូធុរកិច្ចសំខាន់ៗជាច្រើនទៀត។
តាមទិន្នន័យពាណិជ្ជកម្ម ពេញមួយឆ្នាំ២០២៥ កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាម៉េរិក សម្រេចបានរហូតដល់ជាង ១៣ ប៊ីលាន (ពាន់លាន) ដុល្លារអាមេរិក ដែលជាកើនឡើងប្រមាណ ២៩.២៤% បើធៀបនឹងថិរវេលាដូចគ្នាកាលពីឆ្នាំ២០២៤៕
ដោយ៖ស៊ូ វណ្ណលុក




































