រដ្ឋមន្រ្តីក្រសួងវប្បធម៌ជួបពិភាក្សាជាមួយអគ្គនាយករងអង្គការយូណេស្កូ
លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Nayef Al-Fayez អគ្គនាយករងអង្គការយូណេស្កូ ទទួលបន្ទុកវប្បធម៌ នៅក្នុងអំឡុងសម័យប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៨ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ។
លោកជំទាវដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ឯកឧត្តម ដែលបានបញ្ជូនរបាយការណ៍នៃបេសកកម្មរបស់អ្នកជំនាញគណៈកម្មការបេតិកភណ្ឌពិភពលោក និងអ្នកជំនាញការ ICOMOS ដែលបានបំពេញបេសកកម្មការងារនៅប្រាសាទព្រះវិហារកាលពីថ្ងៃទី១-៦ ខែមីនា ឆ្នាំ២០២៦កន្លងទៅ តបតាមការអញ្ជើញរបស់កម្ពុជា។
លោកជំទាវ បានសម្តែងនូវការកោតសរសើរចំពោះគុណភាពរបស់របាយការណ៍ដែលមានលក្ខណៈបច្ចេកទេសគ្រប់ជ្រុងជ្រោយ សុក្រឹត្យ និងឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែង ដែលបាននិងកំពុងកើតឡើងនៅប្រាសាទព្រះវិហារ។
លោកជំទាវ ភឿង សកុណា ក៏បានជម្រាបជូនឯកឧត្តមអគ្គនាយករងអំពីបំណងរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលបេតិកភណ្ឌអរូបី នៅឆ្នាំណាមួយក្នុងអំឡុងពេលដែលកម្ពុជា ជាសមាជិកគណៈកម្មាធិការចាប់ពីឆ្នាំ២០២៦ រហូតដល់២០៣០ ខាងមុខនេះ។
ឯកឧត្តមអគ្គនាយករងបានសន្យាថានឹងគាំទ្រសំណើធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ព្រមទាំងបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះករណីប្រាសាទព្រះវិហារ តាមរយៈការចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្របសម្រួលដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ៕
ដោយ៖ង៉ាន់ ទិត្យ



