រួមគ្នាដាំដើមឈើ បង្កើតបរិស្ថានបៃតងនៅវិទ្យាល័យ «ជា ចាន់តូ»
កំពង់ធំ៖ លោកជំទាវ ខៀវ ស៊ីណា ស្ថាបនិកវិទ្យាល័យ «ជា ចាន់តូ» ព្រមទាំងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារ ជាតិ នៃកម្ពុជា អាជ្ញាធរដែនដី លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស បានរួមគ្នាដាំកូនឈើនៅក្នុងបរិវេណវិទ្យាល័យ «ជា ចាន់តូ» ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីរួមចំណែកបង្កើតបរិស្ថានបៃតង និងលើកកម្ពស់គុណភាពនៃការអប់រំ។
ថ្លែងនាឱកាសនោះលោកជំទាវ ខៀវ ស៊ីណា បានរម្លឹកពីប្រវត្តិពិធី «រុក្ខទិវា» ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ដើម្បីដាស់ស្មារតីឱ្យមហាជនស្រឡាញ់ និងចូលរួមអភិរក្សព្រៃឈើ។
លោកជំទាវបានគូសបញ្ជាក់ថា ការដាំដើមឈើនៅពេលនេះ មិនត្រឹមតែជួយបង្កើនគម្របព្រៃឈើ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបានជាម្លប់ និងបរិស្ថានសិក្សាប្រកបដោយសុខុមាលភាព សម្រាប់សិស្សានុសិស្សដែលត្រូវចូលរៀន នាខែកញ្ញាខាងមុខ។ លោកជំទាវ ក៏បានអំពាវនាវឱ្យលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស យកចិត្តទុកដាក់ថែទាំកូនឈើទាំងនោះឱ្យបានលូតលាស់ល្អផងដែរ។
បន្ទាប់ពីពិធីដាំកូនឈើ គណៈប្រតិភូក៏បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់អគារសិក្សា។ វិទ្យាល័យ «ជា ចាន់តូ» នឹងផ្តល់ជូននូវកម្មវិធីសិក្សាសម្បូរបែប ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់កម្ពុជា។
សូមជម្រាបថា ពិធីដាំដើមឈើបានប្រព្រឹត្តទៅកាលពីចុងសប្ដាហ៍កន្លងទៅនេះ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត







