អង្គការយូនីស្កូប្រមូលមូលថវិកាបានជិត ៥០ម៉ឺនដុល្លារសម្រាប់អភិរក្សបន្ទាន់តំបន់ប្រាសាទព្រះវិហារ
ឯកឧត្តម ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃអង្គារ៍ទី២១ កក្កដា ឆ្នាំ២០២៦នេះថា អង្គការយូនីស្កូ (UNISCO) បានកៀរគរមូលនិធិបន្ទាន់បានចំនួនជិត ៥០ម៉ឺនដុល្លារសម្រាប់អភិរក្សតំបន់ប្រាសាទព្រះវិហារ ដែលទទួលរងការខូតខាតយ៉ាងដំណំពីការទម្លាក់គ្រាប់បែកដោយយោធាថៃក្នុងឆ្នាំ២០២៥។
ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បានទទួលរងការខូចខាតយ៉ាងដំណំជាបន្តបន្ទាប់ដោយសារជម្លោះប្រដាប់អាវុធ ដែលបានកើតឡើងនៅឆ្នាំ២០០៨-២០០៩-២០១១ និង២០២៥។ ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាចុងក្រោយនេះបានបន្សល់ទុកនូវវិនាសកម្មយ៉ាងធំធេងបំផុតចំពោះប្រាសាទព្រះវិហារ។
យោងតាមក្រសួងវប្បធម៌ ការវាយប្រហារដោយអាវុធធុនធ្ងន់មិនរើសកន្លែងពីសំណាក់កងទ័ពសៀមមកលើប្រាសាទព្រះវិហារ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរចំនួន ៥៦២កន្លែង ដោយមានការដួលរលំរចនាសម្ព័ន្ធប្រាសាទ ធ្លុះជញ្ជាំង និងដំបូលប្រាសាទ បាក់បែកថ្មប្រាសាទ សិលាចារឹក និងក្បាច់ចម្លាក់រាប់ម៉ឺនបំណែក ហើយភាគច្រើនមិនអាចជួសជុលវិញបាន។
កិច្ចខិតខំប្រឹងប្រែងថែរក្សា អភិរក្ស និងជួសជុលរបស់អាជ្ញាធរជាតិព្រះវិហារ និងដៃគូរអន្តរជាតិទាំងអស់ក្នុងរយៈពេល១៨ឆ្នាំត្រូវបានបំផ្លាញទាំងស្រុង រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានាប្រើឱ្យកិច្ចការអភិរក្ស និងវិស័យទេសចរណ៍។ អ្នកជំនាញបញ្ជាក់ថា ការខូចខាតធ្ងន់ធ្ងរទាំងនេះទាមទារឲ្យមានការសង្គ្រោះបន្ទាន់ឲ្យបានទាន់ពេលវេលា៕
សេង បារាំង AMS