គ្រឿងញៀនខុសច្បាប់ជាង៥តោន ត្រូវបានដុតបំផ្លាញក្នុងខេត្តកណ្តាល
សារធាតុគីមីផ្សំ និងសារធាតុញៀន ខុសច្បាប់សរុប ៥តោន ៦២២គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល ក្នុងភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ៍ ទី២១ ខែកក្កដា ឆ្នាំ២០២៦។
ការដុតបំផ្លាញគ្រឿងញៀនខុសច្បាប់នេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ «ក្រោមប្រធានបទ រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា វត្ថុតាងគ្រឿងញៀនជាង៥តោននេះ មានសារធាតុញៀនចំនួន ៤តោន ៦១១គីឡូក្រាម ហើយមានសារធាតុគីមីចំនួន ១តោន ១០គីឡូក្រាម។
គ្រឿងញៀនទាំងនេះ ស្ថិតនៅក្នុងចំណោមគ្រឿងញៀនសរុបចំនួន ២៩តោន ដែលអាជ្ញាធររឹបអូសបានពីបទល្មើសសរុបចំនួន៦៥សំណុំរឿង។
បើតាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ គ្រឿងញៀនជាង ២៣តោនផ្សេងទៀត នឹងត្រូវបំផ្លាញចោលនៅពេលខាងមុខដោយវិធីសាស្ត្របន្សាបតាមបច្ចេកទេស ដោយមានការសិក្សាពីគម្រោងចំណាយលម្អិត ក្រោមការឧបត្ថម្ភពីដៃគូសហប្រតិបត្តិការ ដែលដឹកនាំដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ។
ក្នុងរយៈពេលជិត៧ខែ ឆ្នាំ២០២៦នេះ អាជ្ញាធរបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៦ ០៦០ ករណី ចាប់ខ្លួនជនល្មើសចំនួនជាង ១ម៉ឺន ៦ពាន់ នាក់ ព្រមទាំងរឹបអូសគ្រឿងញៀនទម្ងន់ ២ តោនកន្លះ៕
សៅ សុខអេង


