គយចិនអនុញ្ញាតជាផ្លូវការឱ្យក្រុមហ៊ុនកម្ពុជានាំចេញសំបុកត្រចៀកកាំលើកដំបូងទៅកាន់ទីផ្សារចិន
កម្ពុជាបានបើកទំព័រថ្មីមួយក្នុងវិស័យនាំចេញផលិតផលកសិកម្ម ខណៈប្រទេសចិនបានផ្តល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុនកម្ពុជាដំបូងគេ១ ដើម្បីនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារចិន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយចិនបានផ្តល់ការអនុញ្ញាតជាលើកដំបូងដល់ក្រុមហ៊ុន BEST LIFE PRODUCT Co., Ltd. សម្រាប់ការនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារចិន។ ការអនុញ្ញាតនេះមានសុពលភាពរហូតដល់ឆ្នាំ២០៣១។
ក្រសួងកសិកម្មបានបញ្ជាក់ថា ជោគជ័យនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមរវាងក្រសួង អគ្គរដ្ឋបាលគយចិន វិស័យឯកជន និងអ្នកចិញ្ចឹមត្រចៀកកាំទូទាំងប្រទេស ដែលបានរួមគ្នាលើកកម្ពស់ស្តង់ដារអនាម័យ សុវត្ថិភាព និងគុណភាពផលិតផល រហូតទទួលបានការទទួលស្គាល់ពីភាគីចិន។
កាលពីដើមឆ្នាំ២០២៦ ក្រសួងកសិកម្មបានជ្រើសរើសក្រុមហ៊ុនចំនួន៦ ដើម្បីដាក់ស្នើសុំការទទួលស្គាល់ពីអគ្គរដ្ឋបាលគយចិន សម្រាប់ការនាំចេញសំបុកត្រចៀកកាំ។ មកដល់ពេលនេះ មានតែ BEST LIFE PRODUCT Co., Ltd. ប៉ុណ្ណោះ ដែលបានបំពេញគ្រប់លក្ខខណ្ឌបច្ចេកទេស និងទទួលបានការអនុញ្ញាតជាផ្លូវការមុនគេ ខណៈក្រុមហ៊ុនផ្សេងទៀតនៅតែអាចទទួលបានការអនុញ្ញាតដូចគ្នា ប្រសិនបើបំពេញតាមតម្រូវការ និងស្តង់ដារបស់ភាគីចិន។
ប្រធានសមាគមត្រចៀកកាំខ្មែរ លោក ស៊ុយ កុកធាន បានប្រាប់ AMS ថា ក្រុមហ៊ុន BEST LIFE PRODUCT Co., Ltd. កំពុងរៀបចំដំណើរការដឹកជញ្ជូនសំបុកត្រចៀកកាំសម្រាប់ការនាំចេញជាផ្លូវការទៅកាន់ប្រទេសចិនក្នុងពេលឆាប់ៗខាងមុខ។
លោកបានបង្ហាញក្តីសង្ឃឹមថា ការបើកទីផ្សារនេះនឹងជំរុញឱ្យវិស័យចិញ្ចឹមត្រចៀកកាំនៅកម្ពុជាកាន់តែរីកចម្រើន ទាំងផ្នែកគុណភាព បរិមាណផលិតកម្ម និងការគោរពស្តង់ដារអន្តរជាតិ ព្រមទាំងជួយបង្កើនតម្លៃផលិតផល និងចំណូលរបស់អ្នកផលិត ក៏ដូចជារួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។
សូមរំលឹកថា រដ្ឋាភិបាលចិនបានយល់ព្រមជាគោលការណ៍ឱ្យកម្ពុជានាំចេញសំបុកត្រចៀកកាំតាំងពីខែមេសា ឆ្នាំ២០២៥។ ប៉ុន្តែ ដោយសារត្រូវអនុវត្តនីតិវិធីបច្ចេកទេស និងការផ្ទៀងផ្ទាត់ស្តង់ដារអនាម័យយ៉ាងតឹងរ៉ឹងរវាងស្ថាប័នជំនាញនៃប្រទេសទាំងពីរ ដំណើរការទទួលស្គាល់បានអូសបន្លាយអស់រយៈពេលជាងមួយឆ្នាំ មុននឹងឈានដល់ការអនុញ្ញាតជាផ្លូវការនាពេលនេះ។
សមាគមត្រចៀកកាំកម្ពុជាប៉ាន់ស្មានថា កម្ពុជាមានសមត្ថភាពផលិតសំបុកត្រចៀកកាំប្រមាណ ១០០ តោនក្នុងមួយឆ្នាំ។ ការទទួលបានសិទ្ធិនាំចេញជាលើកដំបូងនេះ គឺជាជំហានសំខាន់មួយសម្រាប់ការពង្រីកទីផ្សារអន្តរជាតិ និងជាកម្លាំងជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមត្រចៀកកាំនៅកម្ពុជា៕
ដោយ៖ ម៉ាដេប៉ូ







