កម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តគាំទ្រ និងរួមគ្នាការពារប្រាសាទព្រះវិហារជាបន្ទាន់
កម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិបន្តគាំទ្រ និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងអភិរក្សប្រាសាទព្រះវិហារឡើងវិញជាបន្ទាន់។
នៅក្នុងសម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ដែលប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ ២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឱ្យសហគមន៍អន្តរជាតិបន្តបង្កើនការយកចិត្តទុកដាក់ និងគាំទ្រលើការការពារ និងអភិរក្សរមណីយដ្ឋានប្រាសាទព្រះវិហារ។
នៅក្នុងបទអន្តរាគមន៍នោះ លោកជំទាវរដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំថា ការប៉ះទង្គិចប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យរចនាសម្ព័ន្ធប្រាសាទព្រះវិហាររងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហារដោយផ្ទាល់។ ការខូចខាតនេះបានប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃលេចធ្លោជាសកលនៃសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ ព្រមទាំងបង្ខំឱ្យប្រជាសហគមន៍មូលដ្ឋានត្រូវផ្លាស់ទីលំនៅ និងបាត់បង់ការចូលទៅកាន់ទីសក្ការៈបូជាខាងជំនឿ និងអត្តសញ្ញាណរបស់ពួកគេ។
ទោះបីជាយ៉ាងណា ដោយមានការគាំទ្រពីមូលនិធិសង្គ្រោះបន្ទាន់សម្រាប់បេតិកភណ្ឌរបស់អង្គការ UNESCO និងដៃគូអន្តរជាតិ កម្ពុជាបានខិតខំប្រឹងប្រែងអនុវត្តវិធានការសង្គ្រោះបន្ទាន់ជាច្រើន រួមមានការបោសសម្អាតគ្រាប់បែកចង្កោម និងបំណែកគ្រាប់កាំភ្លើងធំ ការរៀបចំឯកសារ 3D នៃប្រាសាទ ការចុះបញ្ជីបំណែកស្ថាបត្យកម្ម និងការការពារសំណង់ដែលងាយរងគ្រោះ ដើម្បីទ្រទ្រង់ដល់ការងារអភិរក្ស និងជួសជុលឡើងវិញនាពេលអនាគត។
ទន្ទឹមនឹងនេះ កម្ពុជាបានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនអាចសម្រេចបានពេញលេញឡើយ ដរាបណាការគំរាមកំហែងនៅតែបន្តមាន។ គណៈប្រតិភូកម្ពុជាបានទាក់ទាញការយកចិត្តទុកដាក់របស់ UNESCO ចំពោះការបន្តវត្តមានរបស់កងកម្លាំងយោធាថៃនៅតំបន់ជុំវិញប្រាសាទ និងសកម្មភាពឯកតោភាគីផ្សេងទៀតនៅក្នុងទឹកដីអធិបតេយ្យរបស់កម្ពុជា ដែលជាចេតនាបង្កើតស្ថានភាពជាក់ស្តែង និងបង្កហានិភ័យដល់បេតិកភណ្ឌបន្ថែមទៀត។
ដើម្បីដោះស្រាយបញ្ហានេះ លោកជំទាវរដ្ឋមន្ត្រីបានអំពាវនាវឱ្យភាគីថៃគោរពច្បាប់អន្តរជាតិ និងស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈគណៈកម្មការព្រំដែនរួមកម្ពុជា-ថៃ (JBC) ស្របតាមសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ជាមួយគ្នានេះ កម្ពុជាបានស្នើឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបន្តតាមដានប្រាសាទយ៉ាងជិតស្និទ្ធ បង្កើនការគាំទ្រការស្តារឡើងវិញ និងរំលឹកនូវកាតព្វកិច្ចនៃការគោរពអនុសញ្ញាអន្តរជាតិ។
លោកជំទាវ ភឿង សកុណា បានសង្កត់ធ្ងន់ថា សោកនាដកម្មដែលបានកើតឡើងចំពោះប្រាសាទព្រះវិហារ គឺជាការរំលឹកដល់សហគមន៍អន្តរជាតិថា ការការពារបេតិកភណ្ឌពិភពលោក គឺជាការការពារសន្តិភាព កិច្ចសន្ទនា និងជាការទទួលខុសត្រូវរួមរបស់មនុស្សជាតិទាំងមូល៕
ទួន សុផល និងម៉ាដេប៉ូ


