អាជ្ញាធរកំពុងកសាងសំណុំរឿងបញ្ជូនជនក្លែងបន្លំផលិតផលសាប៊ូខ្មែរ ទៅតុលាការ

មន្រ្តីអនុវត្តច្បាប់របស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) កំពុងកសាងសំណុំរឿងក្លែងបន្លំម៉ាកសាប៊ូស្ពៃ ដែលម៉ាកសាប៊ូកម្មសិទ្ធិស្របច្បាប់របស់ធុរជនកម្ពុជា ទៅកាន់តុលាការតាមនីតិវិធី។

នេះបើតាមឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប ប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។

ការចាត់វិធានការបន្ទាន់នេះ ធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋាន ក.ប.ប ទទួលបានបណ្ដឹងសុំអន្តរាគមន៍ពីម្ចាស់សហគ្រាស LSV Industry ដែលជាអ្នកផលិតសាប៊ូស្ពៃក្រញាញ់ក្នុងស្រុកដោយផ្ទាល់។ បន្ទាប់មក នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប បានរកឃើញទីតាំងលក់ ចែកចាយ និងស្តុកទុកផលិតផលសាប៊ូស្ពៃក្លែងក្លាយជិត ៧តោន ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោកស្រី នុត សម្ផស្ស ម្ចាស់ក្រុមហ៊ុន LSV Industry បានបង្ហាញការមិនសប្បាយចិត្ត ដោយចាត់ទុកការក្លែងបន្លំ ម៉ាកសាប៊ូស្ពៃ គឺជាបញ្ហាប្រឈមខ្លាំងបំផុតសម្រាប់វិស័យ SME របស់កម្ពុជា។

ឯកឧត្ដម គឹម មាសសុខសីហា ប្រាប់បណ្ដាញសារព័ត៌មាន AMS ថាបន្ទាប់ពីរកឃើញបាតុភាពនៃការលួចបន្លំប្រើប្រាស់ម៉ាកសាប៊ូស្ពៃរបស់ធុរជនកម្ពុជា មន្រ្តីជំនាញបន្តអនុវត្តតួនាទីភារកិច្ចក្នុងការបង្រ្កាបការក្លែងបន្លំ ដើម្បីធានាការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងធានាដល់ការប្រកួតប្រជែងស្មោះត្រង់។

ឯកឧត្ដម បញ្ជាក់ថា ការលក់ និងចែកចាយផលិតផលក្លែងបន្លំនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើកម្មសិទ្ធិបញ្ញា ហើយជាការបោកប្រាស់អ្នកប្រើប្រាស់៕

ខន ណារី AMS

ads banner