យោធាកម្ពុជា-អាមេរិក បន្តពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការ និងត្រៀមធ្វើសមយុទ្ធ

យោធាកម្ពុជា និងសហរដ្ឋអាមេរិក បន្តជួបពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ជាពិសេសលើការធ្វើសមយុទ្ធរួមគ្នា ការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។
 
យោងតាមក្រសួងការពារជាតិកម្ពុជា ការពិភាក្សាគ្នានេះធ្វើឡើងក្នុងអំឡុងពេលឯកឧត្តមឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិ កម្ពុជា–សហរដ្ឋអាមេរិក លើកទី៤ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ​នៅថ្ងៃទី២២ ខែកក្កដា។
 
រដ្ឋលេខាធិការក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយលោកជំទាវ Lori D. Abele ឧបការីរងរដ្ឋមន្ត្រីក្រ​សួងសង្គ្រាមសហរដ្ឋអាមេរិកស្តីទី និងសហការីនៅមន្ទីរបញ្ចកោណ។ ក្នុងជំនួបនេះផងដែរ មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិបានជម្រាបជូនភាគីអាមេរិក​ អំពីបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ហើយបានអរគុណយ៉ាងខ្លាំងចំពោះការគាំទ្រ និងចូលរួមកន្លងមករបស់សហរដ្ឋអាមេរិកលើបញ្ហាព្រំដែននេះ។
 
សូមរំលឹកថា ថ្មីៗនេះ តំណាងកងទ័ពជើងគោកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក និងកងឆ្មាំជាតិរដ្ឋអៃដាហូ បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដើម្បីរៀបចំសមយុទ្ធ «ឆ្មាំអង្គរ» ឡើងវិញនៅឆ្នាំ ២០២៧ បន្ទាប់ពីអាក់ខានតាំងពីឆ្នាំ២០១៧ ដោយ​សារ​ប្រទេសទាំងពីរមានការខ្វែងគំនិតគ្នាលើបញ្ហា​មួយចំនួន៕

សេង បារាំង AMS

ads banner