សំណល់យុទ្ធភណ្ឌពីសង្គ្រាមឈ្លានពាន់ជាង ៨ ៤០០គ្រាប់ ត្រូវបាន CMAC បោសសម្អាត
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានចុះប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់លើការបោសសម្អាតសំណល់យុទ្ធភណ្ឌពីសង្គ្រាមឈ្លានពានរបស់ភាគីថៃកាលពីឆ្នាំ២០២៥ នៅក្នុងខេត្តជាប់ព្រំដែនចំនួន៦ រួមមាន ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងកោះកុង។
នៅក្នុងរយៈពេល៦ខែឆ្នាំ២០២៦នេះ អង្គភាពស៊ីម៉ាក់ បានស្រាវជ្រាវរកឃើញថា ផ្ទៃដីប៉ះពាល់ចំនួនជាង ៣សែន៨ម៉ឺនហិកតា ក្នុងភូមិសរុបចំនួន ៣៤៩ភូមិ បានរងផលប៉ះពាល់ដោយសារសង្គ្រាមឈានពានរបស់យោធាថៃ។
ជាលទ្ធផល មន្ត្រីជំនាញបានបោសសម្អាតគ្រាប់យុទ្ធភណ្ឌជាង ៨ ៤០០គ្រាប់ ក្នុងនោះគ្រាប់បែកចង្កោមជិត ៤ ៥០០គ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោលដោយសុវត្ថិភាព។
ការបោសសម្អាតសំណល់យុទ្ធភណ្ឌបានជួយឲ្យគ្រួសារចំនួនជិត ៦ ០០០ គ្រួសារ អាចវិលត្រឡប់ទៅរស់នៅលំនៅឋានវិញដោយសុវត្ថិភាព និងអាចប្រើប្រាស់ដីធ្លីឡើងវិញចំនួន ១ ៤៥៥ ហិកតា។ មន្រ្តី CMAC ក៏បានបានរំដោះដីរងផលប៉ះពាល់លើសាលារៀន ៨៧ កន្លែង ទំហំ ១៥៤ ហិកតា មណ្ឌលសុខភាព ២០ កន្លែង វត្តអារាម ៦ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ១១៤ ផ្សេងទៀត។
អង្គភាព CMAC នឹងបន្តធ្វើទំនើបកម្មបច្ចេកវិទ្យា AI និងនវានុវត្តន៍ ព្រមទាំងពង្រឹងសមត្ថភាពផ្ទៃក្នុង និងពង្រីកទំនាក់ទំនងខាងក្រៅឱ្យកាន់តែទូលំទូលាយ សំដៅបង្កើនប្រសិទ្ធភាព គុណភាព ទំនុកចិត្ត និងសុវត្ថិភាពក្នុងប្រតិបត្តិការ។
ដើម្បីសម្រេចបាននូវភាពជោគជ័យនេះ អង្គភាព CMAC បន្តជំរុញការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានសមត្ថភាពខ្ពស់ និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែទូលំទូលាយ ដែលជាសសរស្តម្ភយ៉ាងសំខាន់ ក្នុងការចូលរួមអនុវត្តន៍ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងវិស័យមីន និងពង្រឹងភាពជាម្ចាស់៕
សៅ សុខអេង




