អាមេរិក បញ្ចេញយន្តហោះទម្លាក់គ្រាប់បែក B-1 វាយ អ៊ីរ៉ង់ លើកដំបូង ចាប់តាំងពីសង្គ្រាមផ្ទុះឡើងជាថ្មី
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយ B-1 ដើម្បីបើកការវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ជាលើកដំបូង ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងសាជាថ្មីកាលពី ១២ ថ្ងៃមុន ។
សារព័ត៌មាន Axios រាយការណ៍ថា យន្តហោះទម្លាក់គ្រាប់បែក B-1 ដែលសហរដ្ឋអាមេរិកទើបបញ្ចេញវាយប្រហារអ៊ីរ៉ង់នេះ បានចាប់ផ្តើមបេសកកម្មរបស់ខ្លួន ដោយហោះចេញពីមូលដ្ឋានទ័ពមួយកន្លែងនៅចក្រភពអង់គ្លេស ។
វត្តមានរបស់ B-1 កើតឡើងភ្លាមៗ ក្រោយកាសែត Bloomberg រាយការណ៍ថា នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសដែលទើបស្បថចូលកាន់តំណែងថ្មីគឺលោក Andy Burnham បានបើកដៃឱ្យសហរដ្ឋអាមេរិកអាចប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេស ដើម្បីធ្វើការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ។
បើតាម Jerusalem post, ការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក B-1 ដែលអាចពាំគ្រាប់បែកទម្ងន់មួយតោន ឬមីស៊ីលនាំផ្លូវរាប់សិបគ្រាប់ គឺជាការបង្ហាញសញ្ញាមួយបង្ហាញថា អាមេរិកកំពុងបង្កើន និងពង្រីកយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់កាន់តែខ្លាំងក្លា ។
សហរដ្ឋអាមេរិកធ្លាប់បានប្រើប្រាស់យន្តហោះ B-1 ជាច្រើនលើករួចមកហើយ កាលពីចន្លោះខែកុម្ភៈ និងខែមេសា ក្នុងអំឡុងប្រតិបត្តិការយោធា «Epic Fury» ដើម្បីវាយប្រហារលើមូលដ្ឋានមីស៊ីល មជ្ឈមណ្ឌលបញ្ជាការ ទីតាំងស្តុកអាវុធ និងប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ ៕
ប្រភព ៖ Jerusalem post ប្រែសម្រួល ៖ ឈឹម ទីណា
