អាជ្ញាធររំលឹកឲ្យឪពុកម្តាយប្រុងប្រយ័ត្នចំពោះគ្រុនឈាម ក្រោយការស្លាប់របស់កុមារម្នាក់នៅខេត្តកណ្តាល
កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៦ មានករណីកុមារាអាយុ៣ឆ្នាំម្នាក់ បានស្លាប់ដោយសារកើតជំងឺគ្រុនឈាមធ្ងន់ធ្ងរ ក្រោយពីបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញមិនទាន់ពេលវេលា។ ជនរងគ្រោះមានទីលំនៅ នៅភូមិទ្រាំងក្រោម ឃុំតាឯក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ ប្រធានស្តីទីមន្ទីរសុខាភិបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃសុក្រនេះថា កុមារាមានអាការៈក្តៅខ្លួន រាក និងសន្លឹមធ្ងន់ធ្ងរ ត្រូវបានស្លាប់ដោយសារឪពុកម្តាយបានបញ្ជូនកូនមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាមិនទាន់ពេលវេលា។
បើតាម លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ មុនកុមារជនរងគ្រោះត្រូវបានឪពុកម្តាយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ឪពុកម្តាយបានព្យាបាលកូនដោយប្រើថ្នាំផ្សំពីឱសថស្ថានដោយខ្លួនឯងរយៈពេល៣ថ្ងៃ តែមិនបាត់ ក៏នាំទៅព្យាបាលនៅគ្លនីកឯកជនមួយរយៈពេល១ថ្ងៃតែនៅតែមិនជាសះស្បើយ រួចហើយក៏នាំកូនមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ប៉ុន្តែយឺតពេលទៅហើយដោយសារស្ថានភាពអ្នកជំងឺគឺធ្ងន់ធ្ងរពេក។ គិតត្រឹមមួយខែកក្កដា ឆ្នាំ២០២៦ ខេត្តកណ្តាលទាំងមូលមានករណីគ្រុនឈាមសរុបចំនួន ១ ៦២៥ករណី។
ការបាត់បង់ជីវិតដ៏គួរឲ្យសោកស្តាយនេះ គឺជាសញ្ញាដាស់ស្មារតីឲ្យឪពុកម្តាយគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រុនឈាម ដែលជាទូទៅរីករាលដាលខ្លាំងនៅរដូវវស្សា ព្រោះមានកត្តាអំណោយផលជាច្រើនសម្រាប់ការបន្តពូជរបស់មូសខ្លា ដែលជាភ្នាក់ងារចម្លងមេរោគ។
ក្រសួងសុខាភិបាល បានណែនាំឱ្យពលរដ្ឋប្រសិនជាមានសមាជិកគ្រួសារមានរោគសញ្ញាក្តៅខ្លួនខ្លាំងដែលជាសញ្ញាព្រមានជំងឺគ្រុនឈាម សូមប្រញ៉ាប់បញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យឱ្យទាន់ពេលវេលា។ ជាពិសេសស្ត្រីមានផ្ទៃពោះ សូមបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពម្តាយ និងទារកក្នុងផ្ទៃ។
រោគសញ្ញានៃជំងឺគ្រុនឈាម មានដូចជា ក្តៅខ្លួនខ្លាំងលើសពី៣៨អង្សាសេ ឈឺក្បាល ឈឺសាច់ដុំ ឡើងកន្ទួលក្រហមលើស្បែក ក្អួតចង្អោរ និងសន្លឹមដេក។
ក្រសួងសុខាភិបាលបានស្នើឱ្យពលរដ្ឋលុបបំបាត់ជម្រកមូសខ្លា ដោយការកាប់ឆ្ការ សម្ផាតស្មៅស៊ុបទ្រុបជុំវិញផ្ទះឱ្យបានស្អាត និងកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលដក់ទឹកដូចជា ពាងទឹក ថូផ្កា កង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្លរជ័រ ចានទ្រជើងតុទូ ធុង និងក្រឡជាដើម។ ជាពិសេសពលរដ្ឋត្រូវសម្រាន្តនៅក្នុងមុងជានិច្ច៕
សៅ សុខអេង