លោក ពូទីន ថា ប្រព័ន្ធនុយក្លេអ៊ែរទ័ពជើងទឹករុស្ស៊ី កាន់តែរឹងមាំខ្លាំង
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អះអាងកាលពីថ្ងៃសៅរ៍ថា កងទ័ពជើងទឹកប្រទេសរបស់លោកកំពុងអភិវឌ្ឍន៍ឥតឈប់ឈរ ហើយផ្នែកទ័ពជើងទឹកនៃប្រព័ន្ធនុយក្លេអ៊ែរត្រីភាគី កំពុងមានភាពរឹងមាំខ្លាំងឡើង។
ប្រព័ន្ធនុយក្លេអ៊ែរត្រីភាគី ឬ Nuclear triad គឺជាទម្រង់កម្លាំងយោធាដែលមានសមាសភាគបីយ៉ាង រួមមាន៖ មីស៊ីលផ្លោងអន្តរទ្វីប (ICBMs) ដែលបាញ់ចេញពីមូលដ្ឋានលើដី, មីស៊ីលផ្លោង (SLBMs) ដែលបាញ់ចេញពីនាវាមុជទឹក និង យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ។
លើកឡើងតាមរយៈសារអបអរសាទរ ទិវាទ័ពជើងទឹក, ប្រមុខវិមានក្រឹមឡាំងរូបនេះរៀបរាប់
ថា «ពួកគេកំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ហើយផ្នែកទ័ពជើងទឹកនៃប្រព័ន្ធនុយក្លេអ៊ែរត្រីភាគីរបស់រុស្ស៊ី កំពុងមានភាពរឹងមាំខ្លាំងឡើង។ ការសាងសង់នាវាចម្បាំង និងនាវាពិសេស ជាបន្តបន្ទាប់នៅតែបន្តដំណើរការ ហើយការបំពាក់អាវុធ និងឧបករណ៍ទំនើបៗដល់អង្គភាពប្រតិបត្តិការក្រោមទឹក លើផ្ទៃទឹក តំបន់ឆ្នេរ និងដែនអាកាស ក៏កំពុងត្រូវបានកែលម្អផងដែរ»។
លោកបានកត់សម្គាល់ថា សព្វថ្ងៃនេះ ទាហានជើងទឹកយោធាកំពុងបន្តរក្សា និងលើកកម្ពស់ប្រពៃណីរបស់កងទ័ពជើងទឹករុស្ស៊ី ដោយមោទនភាព។
ប្រធានាធិបតីរូបនេះបានលើកឡើងថា កងកម្លាំងជើងទឹកមានសមត្ថភាពដោះស្រាយរាល់ភារកិច្ច ដែលពួកគេប្រឈមមុខប្រកបដោយប្រសិទ្ធភាព។ ជំនាញវិជ្ជាជីវៈរបស់ទាហានជើងទឹកក៏កំពុងកើនឡើងផងដែរ៕
ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត