អ៊ុយក្រែន វាយប្រហារនាវាអ៊ីរ៉ង់ ចំពេលតានតឹងនៅច្រកហ័រមូស
តេហេរ៉ង់ ៖ ចំពេលមានភាពតានតឹងឡើងវិញ នៅច្រកសមុទ្រហ័រមូស, អ៊ីរ៉ង់អះអាងថា អ៊ុយក្រែនវាយប្រហារនាវាពាណិជ្ជកម្មរបស់ខ្លួន ដោយបានលើកបញ្ហានេះ មកជជែកជាមួយមន្ត្រីជាន់ខ្ពស់អឺរ៉ុប កាលពីថ្ងៃសៅរ៍។
បើតាមសារព័ត៌មាន anadolu, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងអ្នកស្រី Kaja Kallas ប្រមុខគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានពិភាក្សា តាមទូរស័ព្ទ អំពីស្ថានការណ៍វិវត្តក្នុងតំបន់ និងអន្តរជាតិ រួមទាំងអ្វីដែលទីក្រុងតេហេរ៉ង់អះអាងថា ជាការវាយប្រហាររបស់អ៊ុយក្រែន ទៅលើនាវាពាណិជ្ជកម្មអ៊ីរ៉ង់មួយគ្រឿង នៅក្នុងសមុទ្រកាសព្យែន។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់, លោក Araghchi បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ដែលបណ្តាលឱ្យនាវិកម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។
លោកបានជំរុញឱ្យមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងសហគមន៍អន្តរជាតិទាំងមូល ដោយស្នើឱ្យពួកគេចាត់វិធានការទទួលខុសត្រូវចំពោះអ្នកដែលបានបង្ក និងគាំទ្រដល់ការវាយប្រហារដែលត្រូវបានចាត់ទុកថាជា «អំពើឧក្រិដ្ឋ» នោះ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានលើកឡើង នៅលើបណ្តាញសង្គម X ថា អ៊ុយក្រែនទទួលបាន «លទ្ធផលដ៏ល្អប្រសើរ» តាមរយៈការវាយប្រហាររយៈចម្ងាយឆ្ងាយ នៅក្នុងសមុទ្រកាសព្យែន រួមទាំងការវាយប្រហារទៅលើ «នាវាដែលត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនទំនិញយោធាពាក់ព័ន្ធនឹងអ៊ីរ៉ង់ ក៏ដូចជា កប៉ាល់ចម្បាំងមួយគ្រឿងផងដែរ»។
យោងតាមក្រសួងការបរទេសអ៊ីរ៉ង់ដដែល, លោក Araghchi និងលោកស្រី Kallas បានសង្កត់ធ្ងន់លើភាពចាំបាច់នៃគំនិតផ្តួចផ្តើមផ្នែកការទូត ដើម្បីគ្រប់គ្រងភាពតានតឹង និងទប់ស្កាត់កុំឱ្យមានការកើនឡើងបន្ថែមទៀតនៅក្នុងតំបន់៕
ប្រភព ៖ anadolu ប្រែសម្រួល ៖ សារ៉ាត