ពលរដ្ឋក្រីក្រជាង៥០០ គ្រួសារទទួលបានផ្ទះ និងដីឡូតិ៍ ក្នុងកម្មវិធីផ្តល់ដីការពារព្រៃ
ប្រជាពលរដ្ឋចំនួន ៥៣៨ គ្រួសារនឹងទទួលបានដីឡូតិ៍ និងផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ដើម្បីរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត នៅភូមិសាស្រ្តអូរសែវ៣ ឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ពិធីចាប់ឆ្នោតទទួលដី និងផ្ទះ ត្រូវបានរៀបចំឡើងដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នៅរសៀលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦។
ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានប្រចាំការគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ បានគូសបញ្ជាក់ថា កម្មវិធីចែកដីនិងផ្ទះ ដែលផ្តួចផ្តើមដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានគោលបំណងដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ ព្រមទាំងទប់ស្កាត់ការទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការពារ និងអភិរក្សព្រៃឈើនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។
ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋដែលនឹងទៅរស់នៅទីតាំងថ្មីនេះ រាជរដ្ឋាភិបាលបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមាន ការសាងសង់ផ្លូវមេ និងផ្លូវរង ប្រវែង១២៥គីឡូម៉ែត្រ និងមានស្រះទឹកចំនួន ៣០កន្លែង ព្រមទាំងបានសាងសង់ផ្ទះ និងបន្ទប់ទឹកបានចំនួន ៧៥១ខ្នង លើផែនការចំនួន ៧៧០ខ្នង។ គ្រួសារនីមួយៗទទួលបានផ្ទះ និងដីឡូតិ៍ទំហំ ៣ហិកតា។
សូមបញ្ជាក់ថា ក្រោយពីការប្រកាសរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋចំនួនសរុប ១២ ៣២៩គ្រួសារនៅទូទាំងប្រទេសបានមកធ្វើស្វ័យប្រកាស និងដាក់ពាក្យស្នើសុំដី ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។
ឆ្លងតាមការចាប់ឆ្នោតជាបន្តបន្ទាប់ និងការចុះត្រួតពិនិត្យលក្ខណៈសម្បត្តិជាក់ស្តែង គណៈកម្មការបានរកឃើញអ្នកមានសំណាងចំនួន ៤៩៧គ្រួសារ ដើម្បីទៅតាំងទីលំនៅ ក្នុងគម្រោងទី១ នៅខេត្តស្ទឹងត្រែង។ បើបូករួមជាមួយបុគ្គលដែលមានសិទ្ធិផ្សេងទៀត តួលេខសរុបនៃបុគ្គលអាចមានសិទ្ធិទទួលដីគម្រោងទី១នេះ គឺមានចំនួន ៧៥៥គ្រួសារ ក្នុងនោះ ២១៧គ្រួសារបានចាប់ឆ្នោតទទួលដី និងផ្ទះរួចហើយ នៅសល់៥៣៨គ្រួសារ ដែលត្រូវចាប់ឆ្នោតនៅពេលនេះ៕





