ធនាគារជាតិនៃកម្ពុជា៖ កំណើនសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងអត្រា ៣,៥ភាគរយ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នាឆ្នាំ២០២៦ នេះ នឹងថមថយល្បឿនមកត្រឹម ៣,៩ភាគរយដោយផ្អែកលើការប៉ាន់ស្មានកំណើនសេដ្ឋកិច្ចនាឆមាសទី១ សម្រេចបានក្នុងអត្រា ៣,៥ភាគរយ ជាមួយនឹងក្តីរំពឹងទុកចំពោះការងើបឡើងវិញបន្តិចនាឆមាសទី២ ដល់ ៤,៣ភាគរយ។
ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សេដ្ឋកិច្ចសកល តាមរយៈការកើនឡើងថ្លៃប្រេងឥន្ធនៈ ការធ្លាក់ចុះពាណិជ្ជកម្ម និងការប្រែប្រួលទីផ្សារហិរញ្ញវត្ថុ។
ទន្ទឹមនឹងនេះ កម្ពុជាក៏បានប្រឈមនឹងបញ្ហាក្នុងស្រុកមួយចំនួនផងដែរ ដូចជា ការអូសបន្លាយភាពតានតឹងពីជម្លោះព្រំដែនជាមួយប្រទេសថៃ យុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងផលប៉ះពាល់សេសសល់ពីវិបត្តិកូវីដ-១៩។
លោកជំទាវទេសាភិបាល បានគូសបញ្ជាក់ថា ក្រោយបញ្ចប់កិច្ចពិគ្រោះយោបល់មាត្រា ៤ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ថយអត្រាកំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម ៣ភាគរយ ខណៈស្ថាប័ន ADB និង AMRO នៅបន្តរក្សាការព្យាករក្នុងអត្រា ៤,២ភាគរយ។
លោកជំទាវបានគូសរំលេចថា ថ្វីបើវិស័យទេសចរណ៍ សំណង់ និងអចលនទ្រព្យនៅមានភាពទន់ខ្សោយ ប៉ុន្តែការដែលកម្ពុជាអាចសម្រេចបានកំណើនក្នុងកម្រិត ៣ភាគរយ ទៅ ៤ភាគរយនេះ ត្រូវបានចាត់ទុកថា សេដ្ឋកិច្ចកម្ពុជាមានភាពធន់ខ្ពស់ប្រឈមនឹងវិបត្តិ ដោយទទួលបានការគាំទ្រពីកំណើននៃការនាំចេញក្នុងវិស័យកាត់ដេរ,ផលិតផលមិនមែនកាត់ដេរ និងកសិកម្ម,លំហូរការវិនិយោគផ្ទាល់ពីបរទេស (FDI)។
លោកជំទាវក៏បានលើកពីវិធានការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងការគាំទ្រអាជីវកម្មដើម្បីរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំរុញសកម្មភាពសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជាបានអនុវត្តវិធានការសំខាន់ៗ រួមមាន៖ បន្តរក្សាបានយ៉ាងល្អនូវស្ថិរភាពអត្រាប្តូរប្រាក់ និងសុខភាពនៃប្រព័ន្ធធនាគារ,ការរៀបចំឥណទានឡើងវិញ មានទំហំសរុប ៤,៨ ប៊ីលានដុល្លារអាម៉េរិក (ស្មើនឹង ៧,៥% នៃឥណទានសរុប) ដោយបច្ចុប្បន្នកំពុងធ្វើប្រក្រតីកម្មឡើងវិញ សំដៅពង្រឹងភាពរឹងមាំនៃប្រព័ន្ធធនាគារ។ចំណែកការគាំទ្រវិស័យអាទិភាព បានជំរុញការផ្តល់ឥណទានអត្រាការប្រាក់សមស្របដល់វិស័យកសិកម្ម និងសហគ្រាសធុនតូចនិងមធ្យម (SME)។
លោកជំទាវបណ្ឌិត ជា សិរី បានគូសរំលេចបន្ថែមពីអាទិភាពនៃការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដើម្បីទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា ជំរុញសកម្មភាពសេដ្ឋកិច្ច លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងគាំទ្រដល់ក្របខណ្ឌសេដ្ឋកិច្ច-សង្គមឌីជីថលរបស់រាជរដ្ឋាភិបាល។ ជោគជ័យនៃប្រព័ន្ធទូទាត់កម្ពុជា ទទួលបានការទទួលស្គាល់ជាអន្តរជាតិ ដោយមានប្រទេសជាច្រើនបានមកសិក្សាដកស្រង់បទពិសោធន៍។
លោកជំទាវទេសាភិបាលបានបន្ថែមថា ជាមួយគ្នានេះ កម្ពុជាក៏ទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះ រៀបចំ «សន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូន) លើកទី២៨» ដោយមានការចូលរួមពីធនាគារកណ្តាលចំនួន ២៦ តំណាងឱ្យ ៤៤ ប្រទេស ដែលជាឱកាសបង្ហាញពីការអភិវឌ្ឍសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងវប្បធម៌ខ្មែរ ព្រមទាំងលើកកម្ពស់មុខមាត់កម្ពុជាលើឆាកអន្តរជាតិផងដែរ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត














