សម្តេចធិបតីទទួលជួបអគ្គនាយកប្រតិបត្តិក្រុមហ៊ុនជប៉ុនមួយ ដែលបានបង្កើតការងារជិតមួយម៉ឺននាក់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតជូន លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Minebea Mitsumi Inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ។
សូមជម្រាបថា Minebea Mitsumi Inc. គឺជាក្រុមហ៊ុនឈានមុខមួយរបស់ប្រទេសជប៉ុន និងជាក្រុមហ៊ុនឈានមុខលើពិភពលោក ក្នុងការផលិតគ្រឿងបន្លាស់ម៉ាស៊ីន និងគ្រឿងបន្លាស់អេឡិចត្រូនិក ដែលមានភាពជាក់លាក់ខ្ពស់ (Precision Components) ។
ក្រុមហ៊ុនបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅប្រទេសកម្ពុជាកាលពីឆ្នាំ២០១០ និងចាប់ផ្តើមដំណើរការផលិតនៅឆ្នាំ ២០១១ ក្នុងតម្លៃវិនិយោគប្រមាណ ៣២លានដុល្លារ ខណៈបច្ចុប្បន្ន ក្រុមហ៊ុននេះ បានតម្លើងការវិនិយោគរបស់ខ្លួននៅកម្ពុជា ឡើងដល់ជាង ៦០០លានដុល្លារ ។ បច្ចុប្បន្ន Minebea Mitsumi មានរោងចក្រផលិត នៅរាជធានីភ្នំពេញ និងកំពុងពង្រីកការវិនិយោគ ដោយសាងសង់រោងចក្រថ្មី នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ក្រុមហ៊ុនបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជិត ១ម៉ឺននាក់ និងបានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍ថា ភាពជោគជ័យរបស់ក្រុមហ៊ុន Minebea Mitsumi នេះ មិនត្រឹមតែបង្ហាញពីការរីកចម្រើនរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតការងារ និងលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋកម្ពុជាផងដែរ ៕
ដោយ៖ស៊ូវណ្ណលុក





