មេឧក្រិដ្ឋជនអនឡាញ ចេន ហ្ស៊ី ដែលកម្ពុជាចាប់បញ្ជូនទៅចិន អាចប្រឈមនឹងទោសប្រហារជីវិត
មេឧក្រិដ្ឋជនអនឡាញដ៏ធំដែលកម្ពុជាចាប់បញ្ជូនទៅចិន កាលពី ៦ខែមុន គឺលោក ចេន ហ្ស៊ី អាចប្រឈមនឹងទោសប្រហារជីវិត ខណៈរដ្ឋអាជ្ញានៃប្រទេសចិនបានបន្ថែមបទចោទ «បង្ករបួសស្នាមដោយចេតនា» ទៅក្នុងសំណុំរឿងរបស់លោក។ នេះបើតាមការផ្សាយរបស់សារព័ត៌មានសិង្ហបុរី CNA កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។
លោកស្ថាបនិកក្រុមហ៊ុន Prince Group ត្រូវបានអាជ្ញាធរចិនសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងបណ្ដាញឆបោកតាមអនឡាញដ៏ធំ។
កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សហរដ្ឋអាមេរិក និងអង់គ្លេស បានប្រកាសដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើក្រុមហ៊ុន Prince Group និងអង្គភាពចំនួន ១៤៦ផ្សេងទៀត ដែលសង្ស័យពាក់ព័ន្ធនឹងឧស្សាហកម្មឆបោកអនឡាញ។
លោក ចេន ហ្ស៊ី និងបក្សពួក ២នាក់ ឈ្មោះ ជូ ជីលៀន និងឈ្មោះ សាវ ជី ហួរ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ហើយត្រូវបញ្ជូនទៅកាន់ប្រទេសចិនវិញ ដើម្បីទទួលទោស។
សារព័ត៌មានចិន Caixin រាយការណ៍ថា អយ្យការចិនបានទម្លាក់បទចោទពីមុនលើលោក ចេន ហ្ស៊ី ពាក់ព័ន្ធនឹងការលាក់បាំងទ្រព្យសម្បត្តិបានមកពីបទល្មើស ប៉ុន្តែបានបន្ថែមបទចោទថ្មីពីបទរំលោភសិទ្ធិបញ្ញា និងបទបង្ករបួសស្នាមដោយចេតនា។
ក្រៅពីនេះ លោក ចេន ហ្ស៊ី ក៏កំពុងត្រូវបានអយ្យការសហរដ្ឋអាមេរិក ស្វែងរកចាប់ខ្លួនផងដែរ ពីបទដឹកនាំអង្គការឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំបំផុតមួយនៅអាស៊ី។
សូមបញ្ជាក់ថា ក្រៅពីលោក ចេន ហ្ស៊ី កម្ពុជាក៏បានចាប់មេក្លោងចិនសំខាន់ម្នាក់ទៀត គឺលោក Liu Ren ស្ថាបនិកក្រុមហ៊ុនល្បែងស៊ីសងអនឡាញ Jinbei Group បញ្ជូនទៅប្រទេសចិនវិញ កាលពីខែមិថុនា។
ការបង្រ្កាបមេក្លោង និងឧក្រិដ្ឋជនឆបោកអនឡាញ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាតដល់ឬសគល់នូវបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនទាំងនេះ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងស្តារកេរិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិឡើងវិញ៕
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅរយៈពេល ៦ខែ ឆ្នាំ២០២៦នេះ កម្ពុជាបណ្តេញជនបរទេសជាង ៤,៥ម៉ឺននាក់ ដោយក្នុងនោះមានជនបរទេសជាង ១,៦ម៉ឺននាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ៕
ខន ណារី AMS


