កម្ពុជា និងឥណ្ឌា ចុះ MOU អនុវត្តគម្រោងបោសសម្អាតមីននៅខេត្តពោធិ៍សាត់
ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ទេចមីន និងសង្គ្រោះជនពិការដោយសារមីន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើគម្រោងផ្តល់ផលរហ័ស សម្រាប់ការបោសសម្អាតមីន ស្ថិតក្នុងភូមិម៉ុល ខេត្តពោធិ៍សាត់។
អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃអាជ្ញាធរមីន និង ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។
ថ្លែងក្នុងពិធីចុះហត្ថលេខា ឯកឧត្តមបណ្ឌិត លី ធុជ បានមានប្រសាសន៍ថា គម្រោងបោសសម្អាតមីននៅខេត្តពោធី៍សាត់នេះ នឹងប្រគល់ដីមានសុវត្ថិភាពជាង ១៦ហិកតា ជូនប្រជាពលរដ្ឋ ដើម្បីអាចប្រើប្រាស់ដីធ្លីសម្រាប់ប្រកបរបរចិញ្ចឹមជីវិត និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
ឯកឧត្តមបានលើកឡើងថា ចំណងមិត្តភាពរវាងកម្ពុជា និងឥណ្ឌា មានប្រវត្តិយូរអង្វែង និងត្រូវបានបន្តពង្រឹងតាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងនោះរួមទាំងវិស័យសកម្មភាពមីនមនុស្សធម៌ ដើម្បីប្រែក្លាយដីដែលធ្លាប់មានគ្រោះថ្នាក់ឱ្យទៅជាដីមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។
ឯកឧត្តមបានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌា ដែលបានបន្តគាំទ្រការបោសសម្អាតមីននៅកម្ពុជា ចាប់ពីខេត្តកោះកុង រហូតដល់ខេត្តពោធិ៍សាត់។ ការគាំទ្ររបស់ឥណ្ឌាមិនត្រឹមតែផ្តោតលើការបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយជនរងគ្រោះដោយសារមីនតាមរយៈគំនិតផ្តួចផ្តើម India for Humanity ដែលបានផ្តល់ជើងសិប្បនិម្មិតដល់ពលរដ្ឋកម្ពុជាចំនួន ៦៥០នាក់ផងដែរ។
ការអនុវត្តគម្រោងនេះគឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យកម្ពុជាសម្រេចបានគោលដៅក្លាយជាប្រទេសគ្មានផលប៉ះពាល់ដោយសារមីនត្រឹមឆ្នាំ២០៣០ និងធានាសុវត្ថិភាពប្រជាពលរដ្ឋ ព្រមទាំងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព៕
សៅ សុខអេង








